ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានចូលរួមសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សសង្កាត់ផ្សារថ្មីទី២ កាលពីល្ងាច ថ្ងៃអង្គារទី២២ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញនេះ បានលើកឡើងថា៖
១) គ្រប់ពេលវេលា ដែលប្រទេសជាតិមានបញ្ហាជម្លោះព្រំដែនជាមួយប្រទេសក្បែរខាង និងជម្ងឺរាតត្បាតកូវីដ-១៩ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលចេញមុខការពារបូរណភាពទឹកដី និងការពារអាយុជីវិតប្រជាពលរដ្ឋពីជម្ងឺឆ្លងគ្រប់កាលៈទេសៈទាំងអស់។
២)គណបក្សប្រជាជនកម្ពុជា មានចន្ទៈមោះមុត ក្នុងការរក្សាសន្តិភាព និងកិច្ចការពារបូរណភាពទឹកដីឱ្យបានដាច់ខាត ពីចោរឈ្លានពាន។
៣)ការកសាងសមាជិកបក្សឱ្យមានសន្ទុះកាន់តែខ្លាំងឡើងទៅតាមផែនការដែលគណបក្សបានដាក់ចុះ ដើម្បីឈានទៅយកជ័យជំនះក្នុងការបោះឆ្នោតនៅឆ្នាំ២០២៧-២០២៨ ខាងមុខនេះ។
៤)ប្រធានគណៈកម្មាធិការគណបក្សខណ្ឌដូនពេញ ត្រូវពិនិត្យមើលពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដូចជាការបំពាក់អំពូលភ្លើងនៅតាមផ្លូវចេញចូល (ឌឿងហែម) តាមជណ្តើរឡើងរួម ជួសជុលផ្លូវ ដាក់លូជាដើម។ល។
៥)ចំពោះសំណេីសុំជួសជុលជណ្តើររួមរបស់ប្រជាពលរដ្ឋចំនួន៧ខ្សែ យើងត្រូវតែជួសជុលជូនពួកគាត់ ជាមួយនិងការរៀបចំសណ្តាប់ធ្នាប់ បរិស្ថាននៅតាមផ្លូវ (ឌឿងហែម) ឲ្យបានស្អាតជាប្រចាំ។
៦)យកចិត្តទុកដាក់ដល់ការផ្តល់សេវាគាំពារសង្គម ទៅថ្នាក់ដឹកនាំបក្សមូលដ្ឋាន និងសមាជិកដែលមានជីវភាពលំបាក។
៧)គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះរហូតមកគឺ ដោយសារយើងមានថ្នាក់ដឹកនាំឆ្នើមនោះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចូលរួម ដែលមិនអាចខ្វះបាន ពីសមាជិក សមាជិការបក្សនៅតាមមូលដ្ឋាននេះផងដែរ។
៨)មហិច្ឆតាដ៏ធំរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺចង់ឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០។
៩)មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលជាតួអង្គស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ គ្រប់កាលៈទេសៈនៅរួមសុខរួមទុក្ខ ការពារអង្គព្រះមហាក្សត្រ ការពារបូរណភាពទឹកដី មិនអនុញាតឲ្យសត្រូវណាមកបៀតបៀនបានឡេីយ៕