ខេត្តកណ្តាល ៖ នាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលស្វាគមន៍ជានិច្ចចំពោះអង្គការសង្គមស៊ីវិល ដែលធ្វើការងារពិតជាក់ស្ដែងនៅកម្ពុជា នៅក្នុងការជួយទៅដល់សហគមន៍ ពលរដ្ឋ និងជួយដល់គ្រប់វិស័យនៅកម្ពុជា។ រាជរដ្ឋាភិបាលនៅតែចាត់ទុកជាដៃគូពិសេស ដោយបន្ដសហការនិងគាំទ្រជានិច្ច។សម្ដេចធិបតីបញ្ជាក់ដូចនេះនៅក្នុងពេលអញ្ជើញសម្ពោធមជ្ឈមណ្ឌលផ្កាឈូក នៃអង្គការមូលនិធិកុមារកម្ពុជា ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ មូលនិធិកុមារកម្ពុជា ក៏ដូចជា អង្គភាពការពារកុមារ ដែលបានចូលរួមក្នុងប្រតិបត្តិការ ថែទាំ គាំពារ និងផ្ដល់ក្ដីសង្ឃឹមដល់កុមារកម្ពុជា ដែលរងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានកោតសរសើរ និងរម្លឹកពីការលះបង់របស់ លោក Scott Neeson ស្ថាបនិកមូលនិធិកុមារកម្ពុជា ដែលបានលះបង់ និងខិតខំជួយដល់កុមារកម្ពុជា ខណៈលោកបានលះបង់ប្រាក់ខែរាប់សែនដុល្លារមកជួយដល់កុមារកម្ពុជាដោយគ្មានប្រពន្ធ ឬកូនបង្កើតទេ ប៉ុន្ដែមានកុមារកម្ពុជារាប់ពាន់នាក់ហៅលោកថាលោកប៉ា។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាំងតែពីការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន រហូតដល់អាណត្តិទី៧នេះ បានស្វាគមន៍ និងគាំទ្រខ្លាំងណាស់ ចំពោះអង្គការក្រៅរាជរដ្ឋាភិបាលដែលបានជួយដល់ប្រទេសកម្ពុជាពិតប្រាកដដូចជា មូលនិធិកុមារកម្ពុជា ឬអង្គភាពការពារកុមារ ដែលជាដៃគូសហការល្អរបស់កម្ពុជា៕
ដោយ ៖ សិលា