ខេត្តបាត់ដំបង៖ នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តក្រោមបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានធ្វើការបង្រ្កាបករណីជួញដូរសត្វព្រៃហាមឃាត់ខុសច្បាប់ពីសំណាក់ឈ្មួញ ដឹកផ្ទុកក្នុងរថយន្តក្រុងរបស់ក្រុមហ៊ុន ថោង ស៊ីម ។
សមត្ថកិច្ចឆែកឆេររកឃើញប្រភេទសត្វអណ្តើកចំនួន២០៧ក្បាល និងសត្វពស់ចំនួន១៦គីឡូក្រាម ដែលឈ្មួញច្រកក្នុងការ៉ុង ដឹកចេញពីក្រុងប៉ោយប៉ែត បម្រុងឆ្ពោះទៅរាជធានីភ្នំពេញ។ ក្នុងការបង្រ្កាបបទល្មើសសត្វព្រៃខុសច្បាប់នោះដែរ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅចំណតរថយន្តក្រុងក្រុមហ៊ុន ថោង ស៊ីម ស្ថិតក្នុងផ្សារភូពុយ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ សត្វអណ្តើកនិងពស់ខាងលើនៅព្រឹកថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីចាប់យកមកត្រួតពិនិត្យជាក់ស្តែងនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ហើយក៏ធ្វើពិធីប្រគល់ឱ្យមន្រ្តីជំនាញរដ្ឋបាលព្រៃឈើយកទៅចាត់ចែងតាមនីតិវិធីបន្ត។
លោកវរសេនីយ៍ឯក ម៉ៅ រង្សី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបា្រប់ឱ្យដឹងថា កម្លាំងនគរបាលបង្រ្កាបសត្វព្រៃទាំងនោះ ក្រោយពីទទួលព័ត៌មានរាយការណ៍ពីពលរដ្ឋថាមានឈ្មួញជាមុខសញ្ញាជួញដូរសត្វព្រៃខុសច្បាប់លួចដឹកផ្ទុកបង្កប់ក្នុងរថយន្តក្រុងមួយចេញពីក្រុងប៉ោយប៉ែតឆ្ពោះទៅភ្នំពេញ។
លោកនាយការិយាល័យប្រាប់ឱ្យដឹងទៀតថា មុនដំបូងសមត្ថកិច្ចបម្រុងស្ទាក់ឃាត់រថយន្តក្រុងដើម្បីបង្រ្កាបតាមផ្លូវសាធារណៈប៉ុន្តែដោយសារខ្លាចភ្ញៀវជិះលើរថយន្តមានការភ្ញាក់ផ្អើលក៏សុំការសហការពីក្រុមហ៊ុន ហើយមានការអនុញ្ញាតពីក្រុមហ៊ុនឱ្យរថយន្តក្រុងចូលចតក្នុងចំណត ។សមត្ថកិច្ចឆែកឆេរក៏រកឃើញសត្វព្រៃខុសច្បាប់ដែលឈ្មួញច្រកការ៉ុងដាក់បង្កប់ក្នុងឃ្លុំរថយន្តតែម្តង ចំណែកឈ្មួញវិញបានរត់គេចខ្លួនបាត់។
សូមបញ្ជាក់ថា សត្វអណ្តើកនិងសត្វពស់ខាងលើ គេសង្ស័យឈ្មួញនាំឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជា ដើម្បីធ្វើអាជីវកម្មលក់ចែកចាយតាមបណ្តាភោជនីយដ្ឋាននៅរាជធានីភ្នំពេញ។ សត្វព្រៃទាំងនោះនៅប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា កំពុងរងការបាត់ វិនាសផុតពូជ ដោយសារតែឈ្មួញនិងជនខិលខូចឃុបឃិតមួយចំនួននាំគ្នាធ្វើសកម្មភាព ចាប់ប្រមាញ់ធ្វើអាជីវកម្ម ដើម្បីផលប្រយោជន៍របស់ពួកគេ៕
ដោយ៖ សំ វិច្ឆិកា