អ្នកឯកទេសអាមេរិកបានបញ្ចាក់ថាកូរ៉េខាងជើង បានរីកចម្រើនយ៉ាងខ្លាំងនៅក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាមីស៊ីល និងបរមាណូ ក្នុងនោះមានការការសាកល្បងកាំជ្រួចមីស៊ីលចេញពីនាវាមុជទឹកប្រកបដោយជោគជ័យ។
អ្នកឯកទេសមកពីមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ Middlebery មានទីតាំងនៅកាលីហ្វ័រនីញ៉ា លោក Jeffrey Levis បញ្ចាក់ថា «កូរ៉េខាងជើង បានបង្កើនល្បឿននៃការស្រាវជ្រាវ ផលិត កាំជ្រួចមីស៊ីលដ៏ទំនើប ដូចជាមីស៊ីលដែលបាញ់ចេញពីនាវាមុជទឹកជាដើម»។ ការចំណាយប្រាក់ និងពេលវេលារបស់កូរ៉េខាងជើង ទៅលើកម្មវិធីអាវុធគឺមិនអត់ប្រយោជន៍នោះឡើយ។
ក្រុមអ្នកឯទេសបានបញ្ជាក់ថា កាំជ្រួចមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់បរមាណូដំបូងបង្អស់របស់កូរ៉េខាងជើងនោះគឺមីស៊ីលប្រភេទ Rodong ដែលធ្លាប់បានទទួលជោគជ័យនៅក្នុងការសាកល្បងបំពាក់ក្បាលគ្រាប់ទម្ងន់មួយតោនបាញ់បានចម្ងាយ២ពាន់គីឡូម៉ែត្រ។
កាលពីថ្ងៃទី២៤ ខែសីហា កន្លងមកកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលចេញពីនាវាមុជទឹក SLBM ។ ការសាកល្បងនោះត្រូវបានគេចាត់ទុកថា ទទួលបានជោគជ័យ ដោយមីស៊ីលហោះបាន ៥០០គីឡូម៉ែត្រទើបធ្លាក់នៅដែនសមុទ្រជប៉ុន។
មកទល់ពេលនេះក្រុមព្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តការដាក់ទណ្ឌកម្មកូរ៉េខាងជើង ៥លើកមកហើយពាក់ព័ន្ធនិងកម្មវិធីមីស៊ីលនិងបរមាណូ ក្នុងនោះមានសេចក្តីសម្រេចលេខ ១៧១៨ ឆ្នាំ២០០៦, ១៨៧៤ ឆ្នាំ២០០៩, ២០៨៧ ឆ្នាំ២០១៣, ២០៩៤ឆ្នាំ២០១៣ និងសេចក្តីសម្រេចលេខ ២២៧០នៅឆ្នាំ២០១៦ នេះ។
សេចក្តីសម្រេចចុងក្រោយគឺអង្គការសហប្រជាជាតិ បានអនុម័តកាលពីខែមីនា ក្រោយពេលដែលកូរ៉េខាងជើងសាកល្បងគ្រាប់បែកបរមាណូ។ ការដាក់ទណ្ឌកម្មចុងក្រោយមានទាំងការហាមនាំចេញ និងបង្កើនទ្រព្យសម្បត្តិរបស់កូរ៉េខាងជើងដែលនៅក្រៅប្រទេសផងដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី