ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសង្កេតឃើញថា សមត្ថកិច្ចចាប់បានបុគ្គលមួយចំនួន បានលក់ខ្លួនឱ្យប្រទេសថៃ ដែលកំពុងឈ្លានពានកម្ពុជា តាមរយៈការស៊ើបការណ៍ឱ្យប្រទេសបច្ចាមិត្តនេះ។ ក្រសួងមហាផ្ទៃ ប្រកាសមិនលើកលែងឱ្យបុគ្គលក្បត់ជាតិទាំងនោះឡើយ។
«យើងខ្ញុំសូមប្រកាសយ៉ាងដាច់អហង្កាថា សមត្ថកិច្ចនឹងមិនអត់ឪនឱ្យបុគ្គលទាំងឡាយណា ដែលប្រព្រឹត្តិអំពើក្បត់ជាតិឯងឡើយ»។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងតាមរយៈវីដេអូខ្លីមួយ រយៈពេល២នាទី។
លោក ទូច សុឃៈ បានពន្យល់ផ្នែកច្បាប់ថា បុគ្គលណា ដែលបានត្រូវរ៉ូវគ្នាជាមួយបរទេស ហើយបង្កើតឱ្យមានការប្រទូសរ៉ាយ ឬនាំឱ្យមានអំពើឈ្លានពានកម្ពុជា គឺត្រូវផ្ដន្ទាទោស ពី១៥ឆ្នាំទៅ៣០ឆ្នាំ។ ជាមួយគ្នានេះ ពាក់ព័ន្ធនឹងអំពើប្រគល់ ឬធ្វើឱ្យងាយស្រួលធ្លាក់ព័ត៌មានដល់ដៃបរទេស គឺត្រូវផ្ដន្ទាទោស ពី៧ឆ្នាំទៅ១៥ឆ្នាំ។
ដោយឡែកការទទួល ឬប្រមូលផ្ដុំព័ត៌មានផ្សេងៗផ្ដល់ឱ្យបរទេស ត្រូវផ្ដន្ទាទោស ពី៥ឆ្នាំទៅ១០ឆ្នាំ។ ចំណែកការប្រព្រឹត្តិអំពើហិង្សានាំឱ្យគ្រោះថ្នាក់ដល់ស្ថាប័នរដ្ឋ ឬនាំឱ្យប៉ះពាល់ដល់បូរណភាពដែនដីកម្ពុជា ត្រូវផ្ដន្ទាទោស ពី១៥ឆ្នាំទៅ៣០ឆ្នាំ។ នេះបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានលើកពីមាត្រាច្បាប់ក្រមព្រហ្មទណ្ឌ មកបង្ហាញដល់សាធារណជន។
«ក្រៅពីការផ្ទន្ទាទោសដូចខាងលើ គ្រប់ជនក្បត់ជាតិ នឹងត្រូវ«ដកសញ្ជាតិខ្មែរ» ស្របតាមច្បាប់ជាធរមាន។ យើងខ្ញុំសង្ឃឹមថា បងប្អូនមួយចំនួន ដែលលង់ខ្លួនចាញ់ឧបាញកលរបស់បរទេសឈ្លានពាន ភ្ញាក់រលឹកមានមនសិការ ឡើងវិញ និងបញ្ឈប់ជាបន្ទាន់រាល់អំពើក្បត់ជាតិដូចបានប្រកាសជូនខាងលើនេះ»។ លោក សុឃៈ បន្ថែម។
បច្ចុប្បន្ននេះ សមត្ថកិច្ចបានចាប់ខ្លួន ពលរដ្ឋខ្មែរជិត១០នាក់ហើយ ដែលបានដាក់ប្រព័ន្ធGPS តាមខ្លួន ដើម្បីលួចស៊ើបការណ៍ពីមូលដ្ឋានទ័ពកម្ពុជា ផ្ដល់ព័ត៌មានទៅកាន់យោធាថៃ។ សកម្មភាពនេះ គឺជាអំពើចារកម្ម ដែលផ្ទុយពីច្បាប់កម្ពុជា៕
អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ