សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា បានផ្សាយថា រុស្ស៉ីបានអះអាងថា កងកម្លាំងរបស់ខ្លួនទីបំផុតដណ្តើមកាន់កាប់ក្រុង Chasiv Yar បានដោយជោគជ័យ ដែលជាក្រុងសំខាន់មួយនៅភាគខាងកើតអ៊ុយក្រែន ក្រោយការប្រយុទ្ធគ្នាអស់រយៈពេលជិត១៦ខែ ដើម្បីគ្រប់គ្រងក្រុងនោះ។
ការអះអាងខាងលើបើជាការពិតមែន គឺនឹងក្លាយជាជោគជ័យធំមួយនៅសមរភូមិសម្រាប់កងទ័ពរុស្ស៉ី ហើយអាចអនុញ្ញាតឱ្យពួកគេ បន្តរុលឆ្ពោះទៅរកទីក្រុងសំខាន់ៗផ្សេងទៀតក្នុងតំបន់ Donetsk ដូចជា Kostiantynivka, Sloviansk និង Kramatorsk។ សមរភូមិក្រុង Chasiv Yar បានចាប់ផ្តើមកាលពីខែមេសា ឆ្នាំ២០២៤ នៅពេលកងទ័ពរុស្ស៉ីបានរុលទៅដល់ជាយក្រុង ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ពួកគេបានចាប់ផ្តើមព្រមានកងទ័ពអ៊ុយក្រែនដែលស្ថិតនៅក្នុងក្រុង ឱ្យទម្លាក់អាវុធចុះចាញ់ បើមិនចង់ស្លាប់ដោយសារការទម្លាក់គ្រាប់ពីអាកាស។
ក្រុង Chasiv Yar ដែលឥឡូវស្ថិតក្នុងសភាពរងការបំផ្លិចបំផ្លាញហិនហោច គឺធ្លាប់មានប្រជាជនអ៊ុយក្រែន រស់នៅជាង១២ ០០០នាក់ កាលពីមុនសង្រ្គាម។ វាស្ថិតនៅភាគខាងលិចទីក្រុង Bakhmut ដែលរុស្ស៉ីដណ្តើមកាន់កាប់បាន កាលពីឆ្នាំ២០២៣ ក្រោយការប្រយុទ្ធគ្នាដ៏បង្ហូរឈាមបំផុតមួយ ក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន៕
រូបថត:VOV