ភ្នំពេញ៖ នៅផ្លូវថ្មើរជើងចតុមុខ (Walk Street) នាសប្តាហ៍នេះពិតជាខុសប្លែកពីសប្តាហ៍មុនៗ នៅរាត្រីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ មានក្រុមយុវជន មួយក្រុមមានគ្នាប្រមាណ១០០០នាក់ បានដង្ហែរក្បួន ដើម្បីអបអរសាទរ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចំពោះការស្វែងរកបទឈប់បាញ់ជូនជាតិ មាតុភូមិ។
ក្រុមនេះបានចាប់ផ្តើមដង្ហែរចេញពីមុខវត្តឧណ្ណាលាមឆ្ពោះទៅមុខវាំង ជាមួយនិងការស្រែកបំពងសម្លេង កម្ពុជាចង់បានសន្តិភាព និងអរគុណចំពោះសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងសម្តេចតេជោហ៊ុន សែន ដែលបានខិតខំស្វែងរកបទឈប់បាញ់ជូនជាតិ ។
បើតាមលោក ចាន់ សំមុនី ប្រធានប្រតិបត្តិនៃក្រុមសម្ព័ន្ធយុវជនស្ម័គ្រចិត្ត ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដែលបានដឹកនាំយុវជន ដង្ហែរក្បួន នេះបានឱ្យដឹងថា៖ ការដង្ហែរក្បួន នេះ ធ្វើឡើង ដើម្បីអបអរសាទរ សម្តេចតេជោ-ធិបតី ចំពោះបូជនកិច្ច និងកិច្ចខិតខំប្រឹងប្រែង របស់សម្តេចតេជោ-ធិបតី ដែលបាននាំយកនូវបទឈប់បាញ់ និងនាំមកនូវសុខសន្តិភាពជូនជាតិ និងប្រជាពលដ្ឋគ្រប់មជ្ឈដ្ឋាន។ជាមួយគ្នានេះ លោកនាំយកថវិកាផ្ទាល់ខ្លួន ដែលជាប្រាក់សន្សំទិញផ្ទះ ចំនួន១០០លានរៀល ឧបត្ថម្ភជូនដល់វីរៈកងទ័ពជួរមុខ និងទិញគ្រឿងឧបភោគនិងបរិភោគជូនជនភៀសសឹក ដែលកំពុងជួបការលំបាក និងត្រូវការជំនួយ។ ចំពោះការដង្ហែរក្បួននេះ ធ្វើឡើងដើម្បីរំលឹក នឹកគុណដល់វីរៈភាពរបស់សម្តេចតេជោ-ធិបតី ក៏ដូចជា ការរំលឹកនឹកគុណូការៈ របស់វីរកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដីជូនជាតិ ដោយមិនឱ្យមានការបាត់បង់សូម្បីតែមួយមីលីមែត្រណាឡើយ។
លោក ចាន់ សំមុនី អតីតពលករខ្មែរនៅកូរ៉េខាងត្បូងរូបនេះបានបញ្ជាក់ថា៖ ថវិកា១០០លានរៀលនេះ មួយផ្នែកប្រគល់ជូនកងទ័ព តាមរយៈបញ្ជាការដ្ឋានអង្គរក្ស និងមួយផ្នែកចាត់ចែងទិញ គ្រឿងឧបភោក និងបរិភោគ ប្រគល់ជូនជនភៀសសឹក ដើម្បីតបស្នងនូវការលះបង់សាច់ស្រស់ ឈាមស្រស់របស់វីរៈកងទ័ពជួរមុខ ក្នុងការការពារបូរណ ភាព និងអធិបតេយ្យភាពកម្ពុជា ជាមួយភាពក្លាហាន និងស្វាហាប់ រឹងមាំ លើសមរភូមិជួរមុខ។ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ស្អែកនេះ ពួកគេនិងជួបជុំគ្នានៅម៉ោងនិងទីតាំងដដែល ដើម្បីដង្ហែរក្បួននេះជាលើកទី២ទៀត៕. ដោយ សំរិត