ភ្នំពេញ ៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ (វិញ្ញាសាសរសេរលើកទី១) និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីវិជ្ជាជីវៈសុខាភិបាល (មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) បានចាប់ផ្តើម ដោយមានការអញ្ជើញបើកវិញ្ញាសាជានិមិត្តរូបដោយ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសុខាភិបាល តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។
មានប្រសាសន៍នៅពេលកាត់វិញ្ញាសាជានិមិត្តរូបនេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “ការប្រឡងប្រជែងស្របតាមនិយាមថ្មីសាមញ្ញទេ ចេះគឺជាប់។ គ្រប់សន្លឹកកិច្ចទាំងអស់ មានការចុះហត្ថលេខា កាលបរិច្ឆេទ និងឈ្មោះ ដើម្បីធានាថា វិញ្ញាសាទាំងអស់ មិនមាននរណាម្នាក់បានទទួលមុនឡើយ។ វិញ្ញាសាទាំងអស់ ទើបតែតាក់តែងពេលព្រឹកមិញនេះទេ។”
តាមការគ្រោងទុក បេក្ខជនចំនួន ៨០៣នាក់ កំពុងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីការទូតជាន់ខ្ពស់ (វិញ្ញាសាសរសេរលើកទី១) ក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ស្របពេលជាមួយគ្នានេះ បេក្ខជនចំនួន ២៥១៤នាក់ផ្សេងទៀត កំពុងប្រឡងប្រជែងគ្នាក្លាយជាមន្ត្រីវិជ្ជាជីវៈសុខាភិបាល (មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) ក្នុងក្របខ័ណ្ឌក្រសួងសុខាភិបាល៕
ដោយ ៖ សិលា