ខេត្តបាត់ដំបង÷ កម្លាំងការិយាល័យជំនាញនៃទី បញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោមការដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៤នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនពីរករណីផ្សេងគ្នា។
កិច្ចប្រតិបត្តិការខាងលើនេះ ករណីទី០១ធ្វើឡើងនៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២៥ នៅចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់
១.ឈ្មោះ សុង កុសល ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរលក់ដូរ,២.ឈ្មោះ អឹម វាសនា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរជាងម៉ូតូនិង៣.ឈ្មោះ អុឹម ឌីម៉ង់ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករ ទាំងបីនាក់រស់នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។
វត្ថុតាងដកហូតរួមមាន ,គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ICE) ចំនួន ០៥កញ្ចប់ ទម្ងន់ ៧.១៦ក្រាម (ថ្លឹងទាំងសំបក) ម៉ូតូ០២គ្រឿង និងទូរស័ព្ទ០៣គ្រឿង។
ករណីទី០២ធ្វើឡើងនៅវេលាម៉ោង ១០និង៤៥នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ អ៊ុច សុខធារ៉ា ភេទ ប្រុស អាយុ ២៣ឆ្នាំ មុខរបរគ្មាន រស់នៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ។
វត្ថុតាងដកហូតមាន,គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ICE) ចំនួន ០២កញ្ចប់ ទម្ងន់ ៣.០២ក្រាម (ថ្លឹងទាំងសំបក) , ម៉ូតូ០១គ្រឿង និងទូរស័ព្ទដៃ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕