ធ្លាក់យន្តហោះនៅអាមេរិក ស្លាប់៤នាក់

ចែករំលែក៖

ឧបទ្ទវហេតុផ្លូវអាកាសមួយបានកើតឡើងនៅរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក នៅពេលដែលយន្តហោះដឹកក្រុមគ្រូពេទ្យបានធ្លាក់ខណៈកំពុងចុះចត សម្លាប់បុគ្គលិកទាំងអស់នៅលើយន្តហោះ។

ប៉ូលីស Navajo បានបញ្ជាក់ថា យន្តហោះដឹកជញ្ជូនពេទ្យបានធ្លាក់ពេលចុះចតនៅអាកាសយានដ្ឋាន Chinle Municipal Airport ភាគខាងកើតរដ្ឋ Arizona សហរដ្ឋអាមេរិក កាលពីថ្ងៃទី 5 ខែសីហា។ ឧបទ្ទវហេតុនេះបានសម្លាប់មនុស្សនៅលើយន្តហោះទាំងអស់ 4 នាក់ ដែលសុទ្ធតែជាបុគ្គលិកពេទ្យដែលកំពុងធ្វើដំណើរទៅទទួលអ្នកជំងឺ។
យន្តហោះ Beechcraft 300 ដែលជាយន្តហោះម៉ាស៊ីនភ្លោះ បានបាត់បង់ការគ្រប់គ្រងពេលចុះចត។ យោងតាមមន្ត្រី យន្តហោះបានហោះចេញពីទីក្រុង Albuquerque រដ្ឋ New Mexico ហើយកំពុងបំពេញបេសកកម្មដឹកជញ្ជូនពេទ្យ។
លោក Buu Nygren ប្រធាន Navajo បានសម្តែងនូវទុក្ខសោក យ៉ាងខ្លាំងចំពោះការបាត់បង់នេះថា “ទាំងនេះគឺជាបុរស និងស្ត្រីដែលបានលះបង់ជីវិតរបស់ពួកគេក្នុងការជួយសង្គ្រោះអ្នកដទៃ។ ការស្លាប់របស់ពួកគេបន្សល់ទុកនូវការសោកស្តាយដ៏ធំនៅក្នុងសហគមន៍ Navajo” ។
លោក Nygren បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានអំណរគុណចំពោះសេវាកម្ម ការលះបង់ និងសេចក្តីស្រឡាញ់ដែលពួកគេបានផ្តល់ឱ្យតាមរយៈការងាររបស់ពួកគេ។ ការចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុតរបស់ខ្ញុំទៅកាន់ក្រុមគ្រួសារ មនុស្សជាទីស្រលាញ់ និងសហការីរបស់ពួកគេ”។
យោងតាមប៉ូលីស យន្តហោះនេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដឹកជញ្ជូនពេទ្យដែលមានមូលដ្ឋាននៅ Albuquerque ដែលបានជូនដំណឹងដល់ក្រុមគ្រួសារជនរងគ្រោះ។ ទោះយ៉ាងណាក្រុមហ៊ុនមិនទាន់បានឆ្លើយតបជាផ្លូវការចំពោះឧបទ្ទវហេតុនេះទេ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) បានចាប់ផ្តើមការស៊ើបអង្កេតលើមូលហេតុនៃការធ្លាក់យន្តហោះនេះ។ បច្ចុប្បន្ននេះ មិនទាន់មានព័ត៌មានណាមួយបញ្ជាក់ថា យន្តហោះមានបញ្ហាបច្ចេកទេស ឬដោយសារអាកាសធាតុអាក្រក់នោះទេ ប៉ុន្តែអាជ្ញាធរកំពុងបញ្ជាក់លម្អិត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print