កំណាព្យ : ជីវិតអន្ធការបស់ម៉ែ(បទពាក្យប្រាំបី)

ចែករំលែក៖

ខ្ញុំសូមអភិវន្ទបន្ទន់ឥរិយា បន្ទាបប៉ាក់ការអ្នកលើកម្រាមដៃ គោរពគារវៈលោកអ្នកប្រុសស្រី សូមជូនរឿងខ្លីអត្ថន័យបញ្ជាក់។
អក្ខរាថ្លាថ្លែងចែងចងកាព្យា រៀបរាប់ពណ៌នារឿងរ៉ាវទិនទាក់ អ្នកម្ដាយកំសត់អត់មានលៀមលាក់ ឆ្លងកាត់ជ្រៅរាក់សម័យប៉ុល ពត។
អ្នកម្ដាយឈ្មោះទាងវ័យរាងចូលចាស់ វ័យហុកក្រាស់ចាស់ចាំប្រវត្តិ អ្នកម្ដាយហើបហា វាចាផ្ទាល់មាត់ ប្រាប់រឿងជូរចត់ដែលលោកឆ្លងកាត់។
លោកថាកូនអើយម្ដាយចាំដឹងឮ ម្ដាយនឹកឡើងព្រឺទឹកភ្នែកហូរកាត់ ទ្រូងក្តៅក្តុកក្តួលថ្លើមប្រមាត់ ម្ដាយបានបងបាត់ព្រាត់បែកបងប្អូន។
សម័យអន្ធការមេសាចិតប្រាំ ម្ដាយដក់ចិត្តចាំមិនងាយសាបសូន្យ កាលៈងងឹតឥតភ្លឺទេកូន ប្រជាបងប្អូនឈឺចាប់ល្ហែ។
ប្រវត្តិសាស្រ្តច្បាស់កត់ឆ្លាក់ចារ បនពតប្រហារធ្វើបាបរាស្ត្រខ្មែរ រាស្ត្ររាប់លាននាក់ចាំជាក់ឥតប្រែ អាសូររាស្រ្តខ្មែររងទុក្ខវេទនា។
កូនអើយម្តាយប្រាប់សារស័ព្ទអត្ថន័យ ម្តាយកាលក្មេងវ័យមាំកាយអង្គារ ឆ្លងកាត់សព្វយ៉ាងចាំដល់ជរា ម្ដាយនឹងពណ៌នាប្រាប់ជីវភាពម្ដាយ។
* ជីវភាពឆ្នាំ ១៩៧៣- ១៩៧៤
អ្នកម្ដាយឈ្មោះទាងមានស្រុកកំណើត ប្រាសាទភូមិកើតឃុំវិហារធំ ស្រុកកំពង់សៀមបងប្អូនជុំ កំពង់ចាមចំខេត្តលោករស់នៅ។ ឆ្នាំចិតបីវ័យគាត់ជំទង់ ជុំទើរទ្រើសទ្រង់នាមជាប្អូនពៅ ព្រាត់ចាកលំនៅទៅឋានទីទៃ។
បងស្រីឈ្មោះមួយមានប្ដីវ័យសាម នៅកំពង់ចាមចាកដែនស្រុកព្រៃ បងប្រុសឈ្មោះទ្រីក៏លះលកលៃ ភរិយាការថ្មីក៏នាំទៅបាត់។
បងប្រុសទីបីធ្វើជាទាហាន ចោលប្អូនឥតមានអ្នកណាអារកាត់ ចូលជុំកងទ័ពរំដោះស្ងៀមស្ងាត់ នៅសល់តែគាត់ប្អូនពៅម្នាក់ឯង។
ពុកម៉ែបានស្លាប់ចោលឥតនៅរស់រាន សាច់ញាតិក៏គ្មានកណ្ដោចកណ្តែង នៅរស់កំព្រារងាចំបែង រសាត់ដូចខ្លែងហោះគ្មានគោលដៅ។
ចិតបីចិតបួនគាត់ពួនគ្រាប់ផ្លោង អ្នកស្រុកភូមិផងភ័យនាំកូនចៅ ម៉ែទាងជំទង់ដ៏សែនល្ងង់ខ្លៅ រត់ចោលលំនៅទៅតាមអ្នកស្រុក។
សន្ធឹកគ្រាប់បែកពុះហែកធរណី រាល់ថ្ងៃវក់វីរស់គ្មានក្តីសុខ យន្តហោះសន្ធាប់បោះគ្រាប់គ្រប់មុខ លន់នល់រុលរុកវីលុកទ័ពថ្មី។
ទ័ព្ទថ្មីមានន័យកងទ័ពរំដោះ ស្ម័គ្រលះដោយស្មោះចំពោះទឹកដី កុំចាត់របបលន់នល់អប្បិយ រកជីវភាពថ្មីជូនដល់ខេមរា។
នារីក្មេងខ្ចីភ័យញចំប្របប់ លើកដៃម្រាមបន់ដល់ដូនតា សូមបានរួចរស់បន្តជីវ៉ា បំណងប្រាថ្នាសូមជួយបងៗ។
មិនអាចស៊ូទ្រាំអ្នកស្រុកមូលមីរ ចុះចោលដែនទីនាំអ្នកភូមិផង រត់ចូលក្នុងព្រៃបង្កើតជាកង កាប់ឈើវេញចងសង់ខ្ទមលើទួល។
នារីកំសត់រស់សែនលំបាក រត់ចោលចេញចាកផ្ទះចិត្តប្រែប្រួល ទារុណកាយចិត្តឥតស្រណុកស្រួល រស់នៅលើទួលខំជីកលេណដ្ឋាន។
ស្ងាត់ស្រុកស្ងាត់ភូមិជុំទួលឆ្ងាយផ្ទះ មនុស្សក៏ដេកដែរក្នុងព្រៃស្មសាន ភ្លៀងរន្ទះផ្គរញ័រសព្វប្រាណ ភួយមុងឆ្នាំងចានទទឹកគ្មានសល់។
ម៉ែទាងត្រូវគេចាប់ធ្វើកងឈ្លប ដើរមើលគ្រប់សព្វឱ្យបានដិតដល់ លីសែងទាហានត្រដរខ្យល់ រងគ្រោះហេតុផលតតាំងលន់នល់។
ទាហានរំដោះដាច់ជើងដាច់ដៃ រុំចងដោះស្បៃទប់ឈាមពុះពារ ទាហានណាស្លាប់គរកប់កុំឆ្ងល់ ម៉ែទាងអត់កលខំតាមបញ្ជា។
ទិដ្ឋភាពគាត់ជួបក៏ញ័ររន្ធត់ ក្រមុំទុរគតឥតហ៊ានរុញរា លើកបីចាប់កាន់ខ្មោចជនពិការ លំបាកម្ដេចម្តាខាំមាត់អត់ទ្រាំ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print