ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីល្ងាចមិញនេះ បានអនុញ្ញាតជូន លោក ម៉ៅ ដេមីង (Mr. MAO Deming) នាយកប្រតិបត្តិសមាគមពាណិជ្ជករហ៊ូប៉ីឈូនៅកម្ពុជា និងសហការីដែលជាម្ចាស់ក្រុមហ៊ុនទេសចរណ៍ធំៗនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងស្វែងយល់អំពីគោលនយោបាយ និងយន្តការលើកទឹកចិត្តក្នុងវិស័យទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងគោរពស្នើសុំអនុសាសន៍ និងកិច្ចគាំទ្រពីក្រសួង លើគំនិតផ្តួចផ្តើមរបស់សមាគមក្នុងការទាក់ទាញភ្ញៀវទេសចរចិនពីខេត្តហ៊ូប៉ីមកទស្សនាកម្ពុជាឱ្យបានច្រើន ក្នុងក្របខណ្ឌឆ្នាំទេសចរណ៍កម្ពុជា-ចិន២០២៥។
ឆ្លៀតក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កា លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងប្រកបដោយយុទ្ធសាស្រ្តល្អៗ និងការបេ្តជ្ញាចិត្តដ៏មុតមាំរបស់សមាគមក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងកាលៈទេសៈដ៏សំខាន់ និងចំពោះមុខដែលត្រួវការបង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិ ដើម្បីបង្កើតកន្លែងការងារក្នុងវិស័យទេសចរណ៍ឱ្យបានច្រើនសម្រាប់ពលករខ្មែរដែលត្រលប់ពីប្រទេសថៃវិញ បន្ទាប់ពីការអនុវត្តនូវបទឈប់បាញ់រវាងកម្ពុជា-ថៃនេះ។
លោករដ្ឋមន្រ្តី ក៏បានស្នើឱ្យសមាគម បន្តជួយផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជា ជាពិសេសខេត្តសៀមរាប និងខេត្តព្រះសីហនុ និងគោលដៅដទៃទៀត ដើម្បីទាក់ទាញប្រជាជនចិន និងប្រជាជនក្នុងតំបន់ខេត្តហ៊ូប៉ី ធ្វើដំណើរមកទេសចរណ៍នៅកម្ពុជាកាន់តែច្រើន រួមទាំងការជួយផ្សព្វផ្សាយពីកាលានុវត្តវិនិយោគ ដើម្បីទាក់ទាញវិនិយោគិនពីតំបន់ខេត្តហ៊ូប៉ី មកធ្វើការវិនិយោគនៅកម្ពុជា ហើយកិច្ចការដែលត្រូវធ្វើបន្ទាន់គឺការរៀបចំ FAM TRIP ពីប្រតិភូ ផ្នែកទេសចរណ៍ វិនិយោគ និងសារព័ត៌មានពីខេត្តហូប៉ីមកប្រទេសកម្ពុជា និងបន្តកិច្ចសហការរួមគ្នារបស់សមាជិកសមាគមដែលបានរៀបចំ Chartered Flight ជូនភ្ញៀវទេសចរចិនមកទស្សនាប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត៕