សម័យមុន គឺព្រៃឫស្សី ជាខឿនការពារជាតិ ! សម័យបច្ចុប្បន្ន គឺកម្លាំងសាមគ្គី ជាខឿនការពារជាតិ !

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុចៈ(សុឃៈ) អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ សម័យមុន គឺព្រៃឫស្សី ជាខឿនការពារជាតិ។ សម័យបច្ចុប្បន្ន គឺកម្លាំងសាមគ្គី ជាខឿនការពារជាតិ។ ពីមុនគេកម្ទេចខឿនការពារជាតិ ដោយបាចប្រាក់ដួងចូលព្រៃឫស្សី ដើម្បីឱ្យប្រជាជនម្ចាស់កាប់រានរហូតដល់អស់ រួចគេលើកទ័ពវាយបែកលង្វែក។ សម័យនេះ គេព្យាយាមកម្ទេចខឿនការពារជាតិយើង «កម្លាំងសាមគ្គី» តាមរយៈ ការបំបែកកម្លាំងសាមគ្គីរបស់យើង ឱ្យប្រះឆាជាក្រុម ជាបក្ខ ជាពួក មិនចុះសម្រុងគ្នា…។ តើគេប្រើកលវិធីអ្វីខ្លះ?

១.គេបញ្ជូនកម្លាំងល្បាតចូលដីយើងនិងរករឿងយើងឱ្យអត់ទ្រាំមិនបាន។ តែយើងអត់ធ្មត់ មិនចាញ់កល!

២.គេបញ្ជាកម្លាំងដើរល្បាត ជាន់មីនរបួស/ស្លាប់ ដើម្បីចោទលើយើងថា លួចដាក់មីនលើដីគេ ឬដាក់មីនថ្មីលើដីយើង។ តែយើងមានមូលដ្ឋានរឹងមាំ ត្រៀមតតាំង។

៣.គេរាយបន្លាលួស ដាក់កង់ឡាន ជីកលេណដ្ឋាន បំពាក់កាមេរ៉ា…លើដីគេ និងដីខ្មែរ ឱ្យយើងប្រើកម្លាំងតប បានជាលេស គេប្រើកម្លាំងសង្គ្រប់ជាថ្មីលើយើង។ គេធ្វើដើម្បីប្រជាជនយើង ឬក្រុមឆ្លៀតឱកាសណាមួយ ទម្លាក់បន្ទុកលើរាជរដ្ឋាភិបាលថាអន់ មិនហ៊ានរារាំងតតបនឹងគេ នាំទៅរកការបាក់បែកផ្ទៃក្នុង។ កុំចាញ់ល្បិចគេ! យើងចរចាដោយសន្តិវិធី និងកត់ត្រាបម្រើនីតិវិធីតាមច្បាប់អន្តរជាតិ និងនយោបាយការទូត។

៤.គេបង្កើតព័ត៌មានក្លែងក្លាយ នាំឱ្យយើងវ៉ល់ វង្វេង បាក់ស្មារតី និង បង្កើត Fake account ជាខ្មែរ ផ្ញើសារបង្កជាទស្សនៈប្រឆាំងគ្នាក្នុងសមរភូមិសាធារណមតិចំណោមខ្មែរនិងខ្មែរ ធ្វើឱ្យសង្ស័យ បាត់ទំនុកចិត្តគ្នា បាក់បែកកម្លាំងសាមគ្គី និងបាត់ម្ចាស់ការ។

៥.គេបំផុសឱ្យមានការស្អប់ជាតិសាសន៍ និងរើសអើងផលិតផល មុខទំនិញ ដែលជាយុទ្ធវិធី ធ្វើឱ្យមានក្រុមប្រកាន់តឹង ប្រកាន់ធូរ ក្រុមកណ្ដាល និងក្រុមឱកាសនិយមជ្រុលយកប្រធានបទនេះដុតរោល បែប«ដុតឱ្យខ្លោច រោលឱ្យឆៅ» ដែលពេលខ្លះឈានដល់ហិង្សា…។ រឿងនេះគ្រោះថ្នាក់ ដែលមិនត្រូវធ្លាក់ចូលអន្ទាក់គេទេ។ វាជាដំណាក់កាលបន្ទាប់ទៀត ដែលចំពោះមុខយើងរួមគ្នាគាំទ្រថ្នាក់ដឹកនាំយើង ដើម្បីទាញសភាពការណ៍ប្រក្រតីសិន ដោយប្រើនយោបាយការទូត និងច្បាប់។ ទន្ទឹមនេះ យើងក៏យកឱកាសនេះ ពង្រឹងសមត្ថភាពផលិតផលក្នុងស្រុក។ បន្ទាប់មក យើងប្រើសិទ្ធិជាអត្តនោម័តរៀងខ្លួនក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកតាមមនសិការចុះ។
.
.
.

លោកបណ្ឌិត ទូច សុចៈ(សុឃៈ) បន្តថា ៖ ជារួម យើងកំពុងឈរលើប្រៀបឈ្នះសមរភូមិ ទាំងយោធា នយោបាយ ការទូត និងច្បាប់អន្តរជាតិ…ដោយភាពចាស់ទំ ស៊ីវិល័យអត់ធ្មត់ ស្មារតីសាមគ្គីគ្រប់និន្នាការទាំងក្នុងនិងក្រៅប្រទេសក្នុងក្របខ័ណ្ឌសីលធម៌មនុស្សជាតិជឿនលឿន។ យើងបន្តអត់ធ្មត់បន្តិចទៀត យើងបន្តសាមគ្គីគ្រប់ទិសទីដង្ហើយរកសន្តិភាព យុត្តិធម៌ និងគាំទ្ររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ វីរយុទ្ធជនដ៏អង់អាចជាញជ័យរបស់យើង។ យើងឈរក្នុងជួរតែមួយ យ៉ាងត្រង់ ដោយអ្នកឈរខាងមុខចាប់ដៃគ្នាពីជួរមួយទៅជួរមួយ។ អ្នកឈរពីក្រោយបន្តបន្ទាប់ ដាក់ដៃលើស្មារគ្នាភ្នែកមើលកញ្ចឹងក ត្រង់ដូចបន្ទាត់ រត់ជួររមិញ ដូចយើងឈរគោរពទង់ជាតិមុនចូលរៀន និងមុនចេញទៅផ្ទះ។

លោកបណ្ឌិត ទូច សុចៈ(សុឃៈ) លើកឡើងថា ៖ មិនយូរទេ យើងនឹងឈ្នះជាស្ថាពរ ជាយូរអង្វែង ប្រកបដោយសេចក្ដីថ្លៃថ្នូរ ដែលពិភពលោកផ្ដល់តម្លៃ កោតសរសើរ និងបណ្ដាប្រទេសនានារៀនសូត្រមេរៀនរបស់កម្ពុជា។ ចំណុចខ្លាំងរបស់យើង យើងមាន៖
-ប្រជាជនតិច តែពោរពេញដោយកម្លាំងមហាសាមគ្គីគ្រប់និន្នាការ«ចង្កឹះមួយបាច់កាច់មិនបាក់»។
-វីរយុទ្ធជនតិច តែមានឆន្ទៈស្មារតីប្រយុទ្ធការពារការឈ្លានពាន។ វីរយុទ្ធជនយើងមានបទពិសោធន៍សង្គ្រាម។
-មេបញ្ជាការយើងតិច តែសុទ្ធតែមានបទពិសោធន៍សមរភូមិឈ្នះតជំនាន់ មានឆន្ទៈស្មារតីជាតិ។
-វីរយុទ្ធជន និងមេបញ្ជាការ ស្ដាប់បទបញ្ជា អនុវត្តបទបញ្ជា តាមប្រព័ន្ធឯកភាពតែមួយ មិនងាកឆ្វេងស្ដាំ ក្រាញលលាន មិនរួញរា មិនរត់ចោលជួរឬគោលដៅ ដូចបច្ចាមិត្ត។
-យើងមានអគ្គមគ្គុទេសន៍នយោបាយកម្ពុជាតែមួយ ដែលឆ្លងកាត់១០៥សមរភូមិ គឺសម្ដេចតេជោ និងមានអគ្គប្រតិបត្តករនយោបាយកម្ពុជា គឺសម្ដេចធិបតីជានាយករដ្ឋមន្ត្រី មានចំណេះជំនាញខាងយោធា និងឆ្លងបទពិសោធន៍សមរភូមិ២០០៨-២០១១រួចទៅហើយ ដែលទាំងប្រជាពលរដ្ឋ ពិសេសវីរយុទ្ធជន គោរព គាំទ្រ ស្មោះត្រង់ បម្រើ ការពារ និងស្ដាប់បញ្ជា។ល។
-យុទ្ធោបករណ៍តិច តែអាចការពារជាតិបាន ព្រោះមិនមែនដើម្បីឈ្លានពាន និងមានអ្នកជំនាញយុទ្ធសាស្ត្រប្រើប្រាស់តាមស្ថានការណ៍សមរភូមិ មិនមែនបាញ់រះ ព្រាវៗ បាញ់អូតូ ឱ្យតែឮសូរ ឱ្យតែចេញពីកាណុងឡើយ គឺមួយដឹងមួយ សំដៅចំបច្ចាមិត្ត មិនមែនពលរដ្ឋស៊ីវិល។
-យើងមានទំនាក់ទំនងល្អជាអន្តរជាតិ ជាប្រទេសគោរពច្បាប់អន្តរជាតិ ចូលរួមសកម្មភាពកសាងសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ និងពុំដែលបង្កើតសត្រូវ ដូចប្រទេសខ្លះបង្ករឿង ឈ្លានពានគេ នាំឱ្យមានសត្រូវជុំទិស គ្រាន់តែមិនទាន់ដល់ទីអវសាន្តប៉ុណ្ណោះ។
.
.
.

👉ថៃកាន់តែបង្កើតកំហុស កាន់តែឱកាសឈ្នះរបស់កម្ពុជា។ តែយើងត្រូវចេះចាប់កំហុសនោះទាញយកផលវិជ្ជមាន តាមក្បួន«យកព្រួញសត្រូវបាញ់សត្រូវ»។ បើសត្រូវកាន់តែសង្ខើញសង្គ្រាម យើងកាន់តែ អត់ធ្មត់ ទុកឱ្យសត្រូវក្ដៅក្រហាយ មួរម៉ៅ កំរោលចូលបាត់យុទ្ធសាស្ត្រ សម្រេចចិត្តខុស ថមថយកម្លាំង ធុញទ្រាន់…។ ឯយើង រៀបរយកម្លាំងយើង ចាប់ចំណុចខ្សោយសត្រូវ ដាក់ចេញយុទ្ធសាស្ត្រ យុទ្ធវិធី រង់ចាំឱកាសការពារ ទប់ទល់ វាយបក សង្គ្រប់យកឈ្នះតែមួយពេលឱ្យលឿន។ លើសពីនេះ រាល់កំហុស ចំណុចខ្សោយសត្រូវ យើងប្រមូលជាភស្ដុតាងបញ្ចូលក្នុងសំណុណរឿង និងបកព្រលាត់ក្នុងសមរភូមិសាធារណមតិរុញទៅអន្តរជាតិឱ្យបានឃើញនិងយល់ពីចរិតពិត តាមសង្គ្រាម«PR» ឬសង្គ្រាម«បំបាក់មុខលើឆាកអន្រជាតិ»។

✍️យើងនឹងកត់ត្រាគ្រប់រឿងរ៉ាវនៃការឈ្លានរបស់ថៃ ក្នុងសៀវភៅ«កម្ពុជាឈ្នះថៃសម័យតេជោធិបតី» ទុកសិក្សាស្រាវជ្រាវសម្រាប់អ្នកជំនាន់ក្រោយ និងជាមេរៀនពិសោធន៍ ធ្វើជាមូលដ្ឋានព្រីកយុទ្ធសាស្ត្រតទល់នឹងបច្ចាមិត្តនាពេលណាៗទៀត។
#កម្ពុជាឈ្នះថៃសម័យតេជោធិបតី
#រៀនពីហ៊ុនសែនដើម្បីជោគជ័យ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print