ខេត្តព្រៃវែង ៖ យ៉ាងហោចណាស់មានមនុស្សចំនួន៣នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និង៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារត្រូវរថយន្តវ៉េអងមួយគ្រឿងស្របពេលមេឃកំពុងភ្លៀងបានព្យាយាមចាប់ហ្វ្រ័ង ធ្វើឱ្យរអិលក៏រេចង្កូតបុកចូលផ្ទះអ្នកស្រុកដែលនៅជាប់ផ្លូវក្នុងពេលដែលជនរងគ្រោះកំពុងអង្គុយនៅក្នុងផ្ទះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៣១០ត្រង់ចំណុចឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។
គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តវ៉េអងមួយគ្រឿងពាក់ស្លាកលេខត្បូងឃ្មុំ 4A-0051 ដឹកស៊ីម៉ងត៍ពេញរថយន្ត ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។ ពេលមកដល់ចំណុចកើតហេតុ ដោយសារតែមេឃកំពុង់ភ្លៀង អ្នកបើករថយន្តព្យាយាមចាប់ហ្វ្រ័ងធ្វើឱ្យរអិលរេចង្កូតបុកចូលផ្ទះអ្នកស្រុកនៅជាប់ផ្លូវ ដែលផ្ទះនោះធ្វើពីស័ង្កសី មានទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ។ ដោយរថយន្តបានកិនផ្ទះរាបដល់ដី ហើយមនុស្សក្នុងផ្ទះស្លាប់ចំនួន៣នាក់ ក្នុងនោះមនុស្សចាស់២នាក់,ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ ចំណែក៦នាក់ផ្សេងទៀតមានក្មេងចាស់ប្រុសស្រីបានរងរបួសធ្ងន់។
ក្រោយកើតហេតុភ្លាមៗ អ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ ចំណែកអ្នកភូមិបានផ្អើលមកចោមរោមមើល ហើយរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុនិងបានជួយទាញយកក្មេងប្រុសម្នាក់ចេញពីក្រោមរថយន្តនិងដឹកយកជនរងគ្រោះទាំង៦នាក់ ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
លោក ជា ហេង អធិការនគរបាលស្រុកពាមជរបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទី១-ឈ្មោះ ប៉ែន ចេន ភេទប្រុស អាយុ៧៧ឆ្នាំ ជាប្តី, ទី ២-ឈ្មោះ ជា ហម ភេទស្រី អាយុ៧៥ឆ្នាំជាប្រពន្ធ និងទី៣-ឈ្មោះ ចេន ចននីតា ភេទស្រី អាយុ៨ឆ្នាំជាចៅ ។ អ្នកទាំង៣មានទីលំនៅឯខេត្តតាកែវ។ ថ្ងៃកើតហេតុនោះ ពួកគាត់បាននាំគ្នាមកលេងកូននៅផ្ទះកើតហេតុហើយពេលកំពុងអង្គុយជជែកគ្នាលេងនៅក្នុងផ្ទះសុខៗក៏ត្រូវរថយន្តបុកចូលកិនស្លាប់តែម្ដង។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតឯខេត្តតាកែវ ចំណែកជនរងគ្រោះ៦នាក់ទៀត អ្នកខ្លះព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង និងខ្លះទៀតត្រូវបានបញ្ជូនទៅរាជធានីភ្នំពេញ ៕