អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កិច្ចប្រជុំ RBC រវាងយោធភូមិភាគ៥កម្ពុជា ជាមួយយោធភូមិភាគ១ ថៃ នឹងរៀបចំនៅសប្តាហ៍ក្រោយ

ចែករំលែក៖

ភ្នំពេញ ៖ បើតាម អ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀល ថ្ងៃទី១៧ ខែសីហានេះ ឱ្យដឹងដូច្នេះថា ៖ កិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) រវាងយោធភូមិភាគ៥ កម្ពុជា និងយោធភូមិភាគ១ថៃ នឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ។ បើតាមអ្នកស្រី ម៉ាលី សុជាតា នៅថ្ងៃទី១៧នេះ ក្រុមការងារយោធភូមិភាគទី៤ កំពុងដឹកនាំកិច្ចប្រជុំត្រៀម សម្រាប់កិច្ចប្រជុំវិសាមញ្ញ គណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) ដើម្បីធានាថាកិច្ចប្រជុំ នឹងប្រព្រឹត្តទៅ ដំណើរការទៅដោយភាពវិជ្ជមាន ស្ថាបនា និងដោយរលូន។

នៅសប្តាហ៍ក្រោយដែរ ក៏នឹងមានកិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC)  រវាងយោធភូមិភាគ៤ កម្ពុជា ជាមួយយោធភូមិភាគ២ថៃ ផងដែរ ដោយ ក្រុមការងារយោធភូមិទី៥ បានដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់កិច្ចប្រជុំនេះ ដើម្បីធានាថាកិច្ចប្រជុំ នឹងប្រព្រឹត្តទៅដោយភាពវិជ្ជមាន ស្ថាបនា និងដោយរលូន។

សូមបញ្ជាក់ថា ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ ទាហានថៃ បានយកសំណាញ់មកបិទបន្ថែមនៅកន្លែងដែលពួកគេ បានយកបន្លាលួសមកព័ទ្ធយកផ្ទះអ្នកស្រុកនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីកុំឲ្យយើងឃើញពីសកម្មភាពរបស់ពួកគេនៅខាងក្នុង។ 

បងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលជាម្ចាស់លំនៅដ្ឋានទាហានថៃ មកព័ទ្ធយកនោះ បានមកឈរស្រែកតវ៉ា និងទាមទារឲ្យទាហានថៃ ប្រគល់ផ្ទះជូនពួកគេវិញ ហើយអំពាវនាវឲ្យអន្តរជាតិជួយដោះស្រាយ និងអន្តរាគមន៍ទៅភាគីថៃ មានចំណាត់ការលើបញ្ហានេះផង។ 

តាមការបញ្ជាក់របស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, ផ្ទះពលរដ្ឋខ្មែរយើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរជ្រៅ ដែលទាហានថៃ មកព័ទ្ធយកនោះ ប៉ះពាល់១២គ្រួសារ (៥៩នាក់ រួមទាំងក្មេងផងដែរ) ក្នុងនោះមានជនពិការ៤នាក់ និងស្រ្តីមានផ្ទៃពោះ២នាក់។ 

យ៉ាងណាក៏ដោយ សម្រាប់ពលរដ្ឋរងគ្រោះទាំងនេះ ត្រូវបានលោកអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ ជួយដោះស្រាយជាបណ្តោះអាសន្ន សម្រាប់កន្លែងស្នាក់នៅ និងហូបចុកគ្រប់គ្រាន់។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងផងដែរថា ៖ រហូតមកដល់ម៉ោង៣រសៀល ថ្ងៃទី១៧ ខែសីហានេះ ស្ថានភាពនៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បន្តមានសភាពស្ងប់ស្ងាត់ ខណៈកងកម្លាំងរបស់កម្ពុជា ឋិតក្នុងសភាពប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន យ៉ាងខ្ជាប់ខ្ជួនបំផុត ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកឱ្យខានតែបាន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print