ប្រទេសមីយ៉ាន់ម៉ា៖ ឡានដឹកទំនិញរបស់ថៃ ប្រមាណ៥០០គ្រឿង បានស្ទះជាប់គាំងនៅស្ពានមិត្តភាពទី២រវាងព្រំដែនមីយ៉ាន់ម៉ា-ថៃ ក្រោយពីរដ្ឋាភិបាលមីយ៉ាន់ម៉ា បានបិទស្ពាន និង ព្រំដែនថៃមិនឲ្យឡានទំនិញថៃនាំចូលឥវ៉ាន់បានទៀត បន្ទាប់ពីមន្ត្រីយោធា និង ស៊ីវិលជាន់ខ្ពស់ត្រូវបានចាប់ខ្លួនដោយរបបយោធាមីយ៉ាន់ម៉ាពីបទអនុញ្ញាតឱ្យរថយន្តដឹកទំនិញឆ្លងកាត់ស្ពានទន្លេថាលវីនក្នុងក្រុង ប៉ាអាន ដោយការបិទនេះមានរយៈពេលប្រហែល ២ សប្តាហ៍ ហើយរថយន្តដឹកទំនិញថៃរាប់រយគ្រឿងនៅតែជាប់គាំងនៅក្នុងក្រុង ម៉ែសតមិនអាចនាំទំនិញចូលមីយ៉ាន់ម៉ា។
យោងតាមការចេញផ្សាយដោយកាសែតមីយ៉ាន់ម៉ាឡានដឹកទំនិញថៃចំនួន ៥០០ គ្រឿងបានជាប់គាំងនៅព្រំដែនថៃ-មីយ៉ាន់ម៉ា ដោយសាររដ្ឋាភិបាលរារាំងការនាំចូលទំនិញបន្ទាប់ពីមានការចាប់ខ្លួនមន្រ្តីស៊ីវិល នឹងមន្រ្តីជាន់ខ្ពស់មួយចំនួនដោយក្រុមយោធាមីយ៉ាន់ម៉ាដោយមិនពន្យល់ហេតុផល។ ដូចច្នេះទើបច្រកព្រំដែនមានការបិទជាបណ្តោះអាសន្នបណ្តាលឲ្យឡានទំនិញជាច្រើនរបស់ថៃជាប់គាំងមិនអាចបន្តទៅមុខទៀតបាន។
ក្នុងនោះការនាំចេញទំនិញពីប្រទេសមីយ៉ាន់ម៉ា រួមមាន ខ្ទឹមបារាំង ម្ទេស សណ្តែក អង្ករ បន្លែ សាច់ និងត្រី នៅតែហូរចូលប្រទេសថៃធម្មតាតែទំនិញពីប្រទេសថៃតាមស្ពានមិត្តភាព ២ មិនអាចនាំចូលប្រទេសមីយ៉ាន់ម៉ាបានឡើយ។ គេនៅមិនទាន់ដឹងថាតើការបិទច្រកព្រំដែនរបស់មីយ៉ាន់ម៉ានេះចំណាយពេលដល់ថ្ងៃណានោះទេ ដោយក្រុមហ៊ុន និងអាជីវករថៃជាច្រើនបានបង្ហាញពីការព្រួយបារម្ភនៃការបិទច្រកព្រំដែនមីយ៉ាន់ម៉ា-ថៃ៕
ប្រភព ៖ សុីសុីថែមស៍