ប្រទេសថៃ ៖ កសិករថៃ រស់នៅខេត្តពេជ្រឆាបូរណ៍ បានផ្ទុះការតវ៉ាដោយសារខឹងសម្បារជាមួយរដ្ឋាភិបាលរបស់ខ្លួន ជុំវិញការធ្លាក់ចុះនៃតម្លៃកសិផល តែតម្លៃជី និងប្រេងមានការឡើងថ្លៃទៅវិញ ខណៈរដ្ឋាភិបាលសន្យាថា ជួយអន្ដរាគមន៍ដោះស្រាយប្រជាពលរដ្ឋ ប៉ុន្ដែគ្រាន់តែជាការសន្យាមិនឃើញលទ្ធផលជាក់ស្ដែង។ នេះបើតាមសេចក្តីរាយការណ៍តាមការចុះផ្សាយមួយចំនួននៅប្រទេសថៃ។
ការតវ៉ារបស់កសិករជាច្រើននាក់ នៅខេត្តពេជ្រឆាបូរណ៍ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ម្សិលមិញ ដោយនាំគ្នាលើកបដា និងស្រែកតវ៉ានៅតាមដងផ្លូវ ព្រមទាំងភ្ជាប់ជាមួយរូបភាពពោត ដែលជាកម្មវត្ថុនៃការតវ៉ារបស់ពួកគេ។
តាមរយៈខ្លឹមសារដែលបានបង្ហាញនៅបដាដែលប្រជាពលរដ្ឋលើក ដើម្បីស្រែកតវ៉ានោះ បានសរសេរថា «ជួយអីគេ? ការជួយសង្គ្រោះកសិករ គឺជួយមិនបានសូម្បីតែម្យ៉ាង តម្លៃពោតចុះថោក ជី ប្រេងសាំងមានតំលៃថ្លៃ ឯណាបានមានហូប មានចុក មានរបស់ប្រើប្រាស់ពេលណា? មានកិត្តិយសពេលណា?»។
មួយវិញទៀត អ្វីដែលប្រជាពលរដ្ឋកាន់តែហួសចិត្តនោះ គឺរដ្ឋាភិបាលថៃ បានសន្យាម្ដងហើយម្ដងទៀតថា ជួយដល់ប្រជាពលរដ្ឋនៅពេលមានបញ្ហា ប៉ុន្ដែមកទល់ពេលនេះ មិនបានជួយអ្វីសូម្បីតែម្ដងឡើយ ពោលទុកឲ្យប្រជាពលរដ្ឋនៅជួបការលំបាកលើបញ្ហាទាំងអស់នេះដដែល៕
ដោយ : សិលា