អភិបាលខេត្តពោធិ៍សាត់ ប្រើវិធីគោះត្រដោក ទប់ស្កាត់បទល្មើស និងដាក់ចេញពាក្យស្លោកខ្លីខ្លឹមដើម្បីជំរុញការគ្រប់គ្រងសន្តិសុខនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព!

ចែករំលែក៖

ភ្នំពេញ : ក្នុងបទសម្ភាសន៍ជាមួយ ស្ថានីយទូរទស្សន៍មហាផ្ទៃ ស្ដីពីវឌ្ឍនភាពការងារ ប្រចាំឆមាសទី១ របស់រដ្ឋបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបង្ហាញវិធីសាស្ត្រមួយ ដើម្បីចូលរួមទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន គឺគោះត្រដោកជាសញ្ញាប្រាប់សមត្ថកិច្ច និងអាជ្ញាធរ ព្រមទាំងពលរដ្ឋនៅក្បែរ ជួយអន្តរាគមន៍ និងដោះស្រាយឱ្យបានទាន់ពេលវេលា។

បើតាមលោកអភិបាលខេត្ត ការប្រើប្រាស់វិធីសាស្ត្រគោះត្រដោកនេះមិនចម្លែកនោះទេ  ដ្បិតតាំងពីបុរាណកាលមក ចាស់ទុំក្នុងមូលដ្ឋាន បានប្រើវិធីនេះ ក្នុងគោលដៅច្រើនយ៉ាង ទាំងករណីចោរលួចចោរប្លន់ ករណីដេញខ្មោចព្រាយបិសាច ឬក្នុងករណីមានបាតុភូតណាកើតឡើង។ សម្រាប់ខេត្តពោធិ៍សាត់ ឯកឧត្តមអភិបាលខេត្តបញ្ជាក់ទៀតថា បច្ចុប្បន្នការជំរុញចលនាគោះត្រដោកនេះ មានគោលដៅ រាយការណ៍ អំពីករណីជាអាទិ៍ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន លួច ឆក់ ប្លន់ ល្បែងស៊ីសង និងអំពីហិង្សាជាដើម។

ជាការកត់សម្គាល់ ចាប់តាំងពីអនុវត្តវិធីសាស្ត្រគោះត្រដោកនោះមក ឯកឧត្តមបានគូសបញ្ជាក់ថា រាល់បទល្មើសផ្សេងៗនៅក្នុងខេត្តពោធិ៍សាត់បានថយចុះខ្លាំងគួរឱ្យកត់សម្គាល់ ដោយជនសង្ស័យមួយចំនួនមានភាពខ្លាចរអា ព្រោះប្រជាពលរដ្ឋនៅគ្រប់ភូមិ ឃុំ-សង្កាត់ មានភាពប្រទាក់ក្រឡា និងស្រុះគ្នា ចំណែកអាជ្ញាធរក៏មានភាពងាយស្រួលក្នុងការគ្រប់គ្រង និងកំណត់មុខសញ្ញាជនសង្ស័យ នៅពេលឮសំឡេងត្រដោក ពីផ្ទះមួយ ទៅផ្ទះមួយ។ ឯកឧត្តមចាត់ទុកចលនាគោះត្រដោកនេះ ជាការអនុវត្តតាមពាក្យស្លោក«ប្រជាពលរដ្ឋមួយរូប ជាភ្នាក់ងារសន្តិសុខមួយរូប»។

ក្នុងបទសម្ភាសនោះដែរ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ក៏បានបង្ហាញអំពីសមិទ្ធផលជាច្រើនដែលខេត្តសម្រេចបានក្នុងឆមាសទី១ឆ្នាំ២០២៥ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការចង្អុរបង្ហាញណែនាំជាប់ជាប្រចាំ ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ជាការកត់សម្គាល់ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ ក៏បានដាក់ចេញយុទ្ធសាស្ត្រថ្មីៗមួយចំនួនទៀតដែលមហាជនទូទៅមានការភ្ញាក់ផ្អើល និងកោតសរសើរ ដូចជា មានអភិបាលស្រុក គ្មានសំរាម មានសំរាម គ្មានអភិបាលស្រុក! មានមេឃុំ គ្មានសំរាម មានសំរាមគ្មានមេឃុំ! មានគ្រឿងញៀន គឺគ្មានអភិបាលស្រុក មានអភិបាលស្រុក គឺគ្មានគ្រឿងញៀន! ក្នុងន័យដើម្បីជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕

ដោយ : លោក សេង បូលីន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print