ភ្នំពេញ ៖ ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយគណនី IBoi គឺជារឿងអយុត្តិធម៌ខ្លាំងណាស់សម្រាប់ក្រុមពេទ្យសត្វរបស់យើង ដែលបានខិតខំប្រឹងប្រែងសង្គ្រោះជីវិតឡាក់គី ទាំងយប់ទាំងថ្ងៃ ដោយមិនដែលគិតពីថ្ងៃសម្រាកឡើយ។ នេះជាលើកឡើងពី លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ តាមរយៈផេកផ្ទាល់ខ្លួនរបស់លោក។
លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា ៖ ចាប់តាំងពីទទួលបានដំណឹងថាឡាក់គី ចាប់ផ្តើមឈឺនិងបាត់បង់ចំណង់អាហារភ្លាមៗ ក្រុមការងាររបស់យើងបានចុះជួយអន្តរាគមន៍ភ្លាមៗ ដែលក្នុងនោះក៏មានវត្តមានលោកស៊ី ថេង នៅជាមួយរហូតផងដែរ។ លោក ឃឹម ហ្វីណង់ លើកថា ៖ ខ្លឹមសារដើមនៅលើគណនី Wildlife Care គ្រាន់តែជាការបង្ហាញពីអារម្មណ៍សោកសៅមួយប៉ុណ្ណោះ ហើយពាក្យថា«ស្លាប់ដោយសារ…» គឺជាពាក្យដែលគណនី IBoi ប្រឌិតដោយខ្លួនឯងទេ។
លោក ឃឹម ហ្វីណង់ បន្តថា ៖ មានតែលទ្ធផលនៃកោសល្យវិច័យមួយគត់ ទើបអាចបញ្ជាក់ពីមូលហេតុពិតប្រាកដនៃជំងឺរបស់ឡាក់គីបាន។ សូមបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបន្ថែមបន្ថយទាំងឡាយដើម្បីទាក់ទាញចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងការស្លាប់របស់ឡាក់គី ដែលនាំឱ្យមានការសន្និដ្ឋានខុសនិងការយល់ច្រឡំដូចនេះបន្តទៀត៕
ដោយ ៖ សិលា