ភ្នំពេញ៖ លោកបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានប្រាប់ដល់គណៈប្រតិភូសមាគមអ្នករក្សាសន្តិភាពអតីតយុទ្ធជនប៊ុលហ្គារីពីសកម្មភាពឈ្លានពានដោយកំរោល របស់ប្រទេសថៃ មកលើដែនអធិបតេយ្យភាពនៃប្រទេសកម្ពុជា ម្ដងហើយម្ដងទៀត តាមរយៈការវាយប្រហារដោយអាវុធទំនើបៗមកលើទីតាំងវត្តអារាម មន្ទីរពេទ្យ និងជនស៊ីវិលស្លូតត្រង់ ធ្វើឱ្យមានមានអ្នករបួស ស្លាប់ និងជនភៀសសឹកជាច្រើនត្រូវបានជម្លៀសទៅរកទីមានសុវត្ថិភាព។
ក្នុងជំនួបជាមួយគណៈប្រតិភូសមាគមអ្នករក្សាសន្តិភាពអតីតយុទ្ធជនប៊ុលហ្គារីដឹកនាំដោយវរសេនីយ៍ឯក Stefan Davidov ប្រធានក្រុមប្រឹក្សាភិបាលកាលពី ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២៥នៅទីក្រុងសូហ្វៀប្រទេសប៊ុលហ្គារី លោកបណ្ឌិត ជា ច័ន្ទបរិបូរណ៍មានប្រសាសន៍ថា យោធាថៃបានធ្វើសកម្មភាពឈ្លានពានដូចជាការប្រើប្រាស់គ្រាប់បែកចង្កោម និងគ្រាប់បែកផ្សែង យន្តហោះ ។ល។ ជាងនេះទៅទៀត បើទោះជាមានកិច្ចព្រមព្រៀងឈប់បាញ់គ្នាដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ២៨ កក្កដា ក៏ដោយ ក៏ទាហានថៃ នៅប្រើល្បិចចាប់ទានហានកម្ពុជា ចំនួន២០នាក់ ហើយមិនទាន់ដោះលែងមក១៨នាក់ មិនត្រឹមតែប៉ុណ្ណោះទេ ថៃបានបន្តដាក់លួសបន្លាក្នុងទឹកដីកម្ពុជា និងបានបង្ខំជនស៊ីវិលកម្ពុជាចេញពីផ្ទះសម្បែង សកម្មភាពទាំងនេះ វាផ្ទុយទៅនិងស្មារតីសន្តិភាព និងការគោរពគ្នាទៅវិញទៅមក ដែលកម្ពុជាខិតខំថែរក្សា។
លោកបញ្ជាក់ថា ព្រំដែនត្រូវបានកំណត់យ៉ាងច្បាស់បន្ទាប់ពីការបញ្ចប់នៃការគ្រប់គ្រងអាណានិគមបារាំង ហើយកិច្ចព្រមព្រៀងផ្លូវការត្រូវបានបង្កើតឡើង ប៉ុន្តែថៃមិនដែលគោរពចំពោះការរៀបចំទាំងនេះឡើយ។
ជាការឆ្លើយតប តំណាងសមាគមអ្នករក្សាសន្តិភាពអតីតយុទ្ធជនប៊ុលហ្គារីបានបញ្ជាក់ថា ព្រំដែនអន្តរជាតិដែលបានព្រមព្រៀងគ្នាហើយត្រូវតែគោរពជានិច្ច ហើយការរំលោភលើកិច្ចព្រមព្រៀងបែបនេះគឺមិនអាចទទួលយកបានឡើយ។ មនុស្សជាតិបានឈានចូលដល់សតវត្សរ៍ទី ២១ ដែលជាយុគសម័យទំនើបហើយ ជម្លោះមិនគួរត្រូវបានដោះស្រាយដោយអំពើហិង្សាទៀតទេ ត្រូវដោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា ការទូត និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ។
តំណាងសមាគមអ្នករក្សាសន្តិភាពអតីតយុទ្ធជនប៊ុលហ្គារី ក៏បានបង្ហាញពីការគាំទ្រដល់ប្រទេសកម្ពុជាដែលបានប្តេជ្ញាចង់បានសន្តិភាព ហើយមិនគាំទ្រដាច់ខាតចំពោះប្រទេសណា ដែលចង់បង្កជម្លោះ និងឈ្លានពានប្រទេសគេឡើយ៕
ប្រភព ៖ (CCFR)