ខេត្តព្រះវិហារ ៖ ពិធីប្រកាសតែងតាំង លោក ឡាច ឡិះ ជាអភិបាលរងស្រុកឆែប ខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅសាលប្រជុំ សាលាស្រុកឆែប។
សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពីធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករ។ ការតែងតាំងនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងរដ្ឋបាលសាធារណៈនៅមូលដ្ឋាន ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុកឆែប។
លោកអភិបាលខេត្តបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក ឡាច ឡិះ កន្លងមក ព្រមទាំងបានជំរុញឲ្យលោកអភិបាលរងថ្មី បន្តខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើង ដោយអនុវត្តតាមគោលការណ៍ច្បាប់ និងមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់។
លោក ឡាច ឡិះ បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តការងារតាមការណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ យុត្តិធម៌ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ស្រុកឆែបឲ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ៕
ដោយ ៖ សិលា