ភ្នំពេញ៖ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រីកម្ពុជា លោក មាស សុភ័ណ្ឌ បានថ្លែងបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចែករំលែកទស្សនៈ៣ចំណុច អំពីមធ្យោបាយក្នុងការជំរុញគោលការណ៍ និងសេចក្តីប្រាថ្នារួមរបស់រដ្ឋសមាជិក នៅក្នុងកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក។
ការថ្លែងបញ្ជាក់បែបនេះរបស់លោកអ្នកនាំពាក្យបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូ មកដល់មាតុភូមិដោយសុវត្ថិភាព នាពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយបញ្ចប់កិច្ចប្រជុំ កំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន ប្រទេសចិន។
លោកប្រធានអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្ដេចបវរធិបតី ក៏បានចែករំលែកនូវការយល់ឃើញរបស់សម្ដេចអំពីមធ្យោបាយក្នុងការជំរុញគោលការណ៍និងសេចក្តីប្រាថ្នារួម របស់រដ្ឋសមាជិករួមមាន៖ ការអនុវត្ដពហុភាគីនិយម គឺទាមទារនូវការប្ដេជ្ញាចិត្ដយ៉ាងមុតមាំចំពោះកិច្ចសន្ទនា, ការគោរពគ្នាទៅវិញទៅមក និងបរិយាប័ន្ន»។
បន្ថែមពីនេះ លោក មាស សុភ័ណ្ឌ បន្តថា សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ថា ការជួបជុំរបស់បណ្ដារដ្ឋនាពេលនេះ គឺជាការអំពាវនាវយ៉ាងម៉ឺងម៉ាត់ឲ្យមានការចាត់វិធានការនៅចំពោះមុខភូមិសាស្ដ្រនយោបាយ ដែលកាន់តែស្មុគស្មាញ និងកើនឡើងនៃជម្លោះ និងបញ្ហាប្រឈមបន្ទាន់ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។
សូមបញ្ជាក់ថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅប្រទេសចិន កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។
ដំណើរអញ្ជើញទៅប្រទេសចិននេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក ដែលរៀបចំធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន។
ក្នុងដំណើរអញ្ជើញទៅកាន់ប្រទេសចិននាពេលនេះ ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំខាងលើហើយនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបជាច្រើនទៀត រួមមាន៖
* ប្រធានាធិបតីចិន លោក ស៊ី ជីនពីង, លោក វ៉ាង ហ៊ូនីញ ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន, លោក ជីន លីឈុន ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី, លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម, លោក ថងលូន ស៊ីសូលីត ប្រមុខរដ្ឋឡាវ, លោក Khadga Prasad sharma Oli នាយករដ្ឋមន្ត្រីនេប៉ាល់ និងលោក អង់តូនីញ៉ូ ហ្កូតតឺរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ៕