អន្តរជាតិ៖ មជ្ឈមណ្ឌលសារព័ត៌មាននៃពិធីរំលឹកខួបលើកទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានបើកធ្វើកិច្ចជំនួបជាមួយអ្នកព័ត៌មានលើកទី២ ដើម្បីពន្យល់អំពីសកម្មភាពរំលឹកខួបដែលអាណិកជនចិននិងជនជាតិចិនសញ្ជាតិបរទេសបានប្រារព្ធធ្វើនៅតំបន់នានាជុំវិញពិភពលោក និងការរួមចំណែករបស់ពួកគេចំពោះសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។
មន្ត្រីពាក់ព័ន្ធបានថ្លែងថា ក្នុងសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន កុលបុត្រកុលធីតាចិនទាំងក្នុងនិងក្រៅប្រទេសបានរួមសាមគ្គីគ្នាជាធ្លុងមួយ សម្រេចបាននូវមហាសាមគ្គីភាពជាតិដែលមិនធ្លាប់មានកាលពីមុន។
ជនជាតិចិននៅក្រៅប្រទេសមិនខ្លាចការពលីជីវិតរបស់ខ្លួន ដោយបានរួមចំណែកយ៉ាងសំខាន់ដល់ជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្រ្គាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស តាមគ្រប់ទម្រង់ ដូចជាការបរិច្ចាគប្រាក់និងសម្ភារៈយ៉ាងសកម្ម ការត្រឡប់ចូលប្រទេសចិនវិញដើម្បីចូលរួមការតស៊ូប្រយុទ្ធ ការស្វែងរកជំនួយអន្តរជាតិនិងការចូលរួមប្រយុទ្ធក្នុងសង្គ្រាមប្រឆាំងហ្វាស៊ីសនៅក្នុងប្រទេសដែលខ្លួនកំពុងស្នាក់នៅជាដើម៕