ខេត្តកណ្ដាល៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ស្ពានដីឥដ្ឋ-ថ្មគរជាប្រភេទស្ពានបេតុង ដោយស្ពាន និងផ្លូវក្បាលស្ពាន ប្រវែងសរុប ៣.៧០០ម៉ែត្រ, តួស្ពានប្រវែង ១.៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ ៤គន្លងផ្លូវ គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៥នេះគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បាន២៣%ហើយ។ចំពោះផ្លូវតភ្ជាប់ក្បាលស្ពាន មានប្រវែង ២.១០០ម៉ែត្រ ទទឹងផ្លូវ ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងបញ្ចប់អំឡុងឆ្នាំ២០២៨។
គួរបញ្ជាក់ថា៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយនៅកម្ពុជា ដែលភ្ជាប់ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ ស្ពាននេះមានប្រវែងសរុបប្រមាណ ៣,៧០០ ម៉ែត្រ រួមទាំងផ្លូវក្បាលស្ពាន និងជាផ្នែកមួយនៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
ស្ពាននេះនឹងជួយកាត់បន្ថយពេលវេលា និងថ្លៃដើមនៃការធ្វើដំណើរបើប្រៀបធៀបនឹងការប្រើសាឡាង។ វាក៏នឹងជំរុញការតភ្ជាប់សេដ្ឋកិច្ច និងសមាហរណកម្មក្នុងតំបន់ ជាពិសេសជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលភ្ជាប់ទៅព្រំដែនកម្ពុជា-វៀតណាម៕
ប្រភព៖ក្រសួងសាធារណការ