ទីក្រុងបាងកក ៖ បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកថៃ បានបញ្ជាក់ថា ៖ យន្តហោះឯកជនរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឥឡូវនេះត្រូវបានគេបញ្ជាក់ថា កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសឥណ្ឌា មិនមែនប្រទេសសិង្ហបុរី ដូចដែលបានអះអាងពីដំបូងឡើយ។
ដំបូងឡើយ នៅម៉ោងប្រមាណ ៩:៣៣នាទីយប់ យន្តហោះរបស់លោកត្រូវបានគេប្រទះឃើញថា បានប្តូរទិសដៅ និងកំពុងហោះក្រឡឹងយ៉ាងអាថ៌កំបាំងនៅពីលើសមុទ្រអង់ដាម៉ង់។ ប៉ុន្តែមកដល់ម៉ោង ៩:៤៥នាទីយប់ ទិន្នន័យតាមដានការហោះហើរបានបង្ហាញយ៉ាងច្បាស់ថា យន្តហោះ Bombardier Global 7500 របស់លោក កំពុងហោះឆ្ពោះទៅកាន់ប្រជុំកោះ Nicobar និងបន្តដំណើរទៅកាន់ប្រទេសឥណ្ឌា។
សូមបញ្ជាក់ថា ៖ បន្ទាប់ពីចាកចេញពីថៃ នៅយប់ថ្ងៃទី៤ ខែសីហា លោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃ មិនបានធ្វើដំណើរទៅសិង្ហបុរី ដើម្បីពិនិត្យសុខភាពតាមការអះអាងឡើយ។ យន្តហោះ Bombardier Global 7500 របស់លោកថាក់ស៊ីន បានហោះប្តូរទិសដៅឆ្ពោះទៅឥណ្ឌាទៅវិញ ហើយអាចទៅទីក្រុងឌូបៃ ដែលលោកមានផ្ទះនៅទីនោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod English។
អតីតនាយករដ្ឋមន្រ្តីរូបនេះ បានសន្យាវិលចូលប្រទេសវិញនៅ២ថ្ងៃក្រោយ ដើម្បីស្តាប់សេចក្តីសម្រេចរបស់តុលាការ ពាក់ព័ន្ធនឹងការស្នាក់នៅមន្ទីរពេទ្យនៅក្នុងឆ្នាំ២០២៣៕
ដោយ ៖ សិលា