ខេត្តកំពង់ស្ពឺ៖ ដោយបានការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ នារសៀលថ្ងៃព្រហស្បត៍ ១២កើត ខែ ភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ០៤ ខែកញ្ញាឆ្នាំ២០២៥ លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសីបញ្ជាឲ្យកំលាំងផ្នែកគ្រឿងញៀននៃអធិការដ្ឋានស្រុក ចុះស្រាវជ្រាវ ដោយ មានការចូលរួមពីកំលាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះនិពាន្វឃាត់ខ្លួនមុខសញ្ញាជួញដូរនិងប្រើ ប្រាស់គ្រឿងញៀនម្នាក់ដែលតែងតែអុកឡុកនៅក្នុងមូលដ្ឋាន។
មន្ត្រីនគរបាលមូលដ្ឋានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ ខ្លួនមុខសញ្ញាសង្ស័យ១នាក់ ឈ្មោះ ជុំ ភ័ក្រ ភេទប្រុស អាយុ ៣៩ឆ្នាំ នៅចំណុចភូមិច្រាមត្បូង ឃុំព្រះនិពាន្វ ស្រុកគងពិសី បានត្រួតពិនិត្យនិងដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន៦កញ្ចប់តូច, ទូរស័ព្ទដៃ១គ្រឿង និងម៉ូតូ១គ្រឿង ម៉ាកDream 125cc ពណ៍ខ្មៅ ស្លាកលេខភ្នំពេញ1DQ-8540។
បន្ទាប់មក ដោយបានការសម្របសម្រួលនីតិវិធីពី អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺកំលាំងជំនាញ បានបន្តទៅឃាត់ខ្លួនឈ្មោះ ក្រូច ជន់ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិដុតកំបោរ ឃុំព្រះនិពាន្វ ស្រុកគងពិសី ត្រួតពិនិត្យដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន១កញ្ចប់មធ្យមនិងឧបករណ៍ប្រើប្រាស់ មួយចំនួន។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យទាំង២រួមជាមួយវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកដេីម្បីបំពេញនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដចាត់ការតាមច្បាប់៕