ចិន៖ លោក ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មានបានថ្លែងថា ប្រទេសកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការកសាងសហព័ន្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យព័ត៌មានជាមួយបណ្តាប្រទេសផ្សេងៗ នៅក្នុងការបង្កើនការយោគយល់គ្នា និងការជឿទុកចិត្តលើគ្នារវាងបណ្តាប្រទេសនានាលើពិភពលោក។ ការថ្លែងបែបនេះរបស់ លោក ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃសហព័ន្ធសារព័ត៌មាន អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលបានធ្វើឡើងនៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ មន្ត្រីជាន់ខ្ពស់រូបនេះ បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំប្រចាំឆ្នាំ នៃសហព័ន្ធសារព័ត៌មានអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ មានសារៈសំខាន់ក្នុងការកសាងការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការវិស័យព័ត៌មាន ហើយវាជាវេទិកាសំខាន់សម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ និងជំរុញការរួមគ្នាឆ្ពោះទៅរកវឌ្ឍនភាពរួមនៃប្រទេសសមាជិកក្នុងតំបន់។ ឯកឧត្ដមរដ្ឋលេខាធិការបានបន្ដថា ប្រទេសកម្ពុជាក៏បានចូលរួមយ៉ាងសកម្មក្នុងការកសាងសហព័ន្ធនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យព័ត៌មានជាមួយប្រទេសផ្សេងៗ។
នៅក្នុងសន្ទរកឋារបស់លោក ឈាន លាង តំណាងលោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ផងដែរថា ប្រព័ន្ធផ្សព្វផ្សាយបាន និងកំពុងដើរតួនាទីដែលមិនអាចខ្វះបានក្នុងការបង្កើនការយោគយល់គ្នា និងការជឿទុកចិត្តលើគ្នារវាងបណ្តាប្រទេសនានាលើពិភពលោក។ លោករដ្ឋលេខាធិការបានបញ្ជាក់ទៀតថា ចាប់តាំងពីសហព័ន្ធសារព័ត៌មានអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ត្រូវបានបង្កើតឡើងនៅខែមករា ឆ្នាំ២០២៤កន្លងមក វាបានក្លាយជាវេទិកាដ៏មានសារសំខាន់សម្រាប់ការបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ និងការរួមគ្នាឆ្ពោះទៅរកវឌ្ឍនភាពនៃបណ្តាប្រទេសនានាក្នុងតំបន់។ ទន្ទឹមនេះ ប្រទេសកម្ពុជាក៏បានចូលរួមយ៉ាងសកម្មក្នុងការកសាងសហព័ន្ធដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យព័ត៌មានជាមួយបណ្តាប្រទេសផ្សេងៗ។
នៅក្នុងទំនាក់ទំនងកម្ពុជា និងចិន លោក ឈាន លាង ក៏បានបន្ថែមថា ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឆ្នើម និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យ ទំនាក់ទំនងរវាង ប្រទេសកម្ពុជា និងប្រទេសចិន កាន់តែជិតស្និទ្ធជាងពេលណាៗទាំងអស់ ដោយបានជំរុញប្រែក្លាយទៅជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលត្រូវបានប្រសិទ្ធិនាមថាជា «មិត្តភាពដែកថែប»។
សូមជម្រាបជូនថា កិច្ចប្រជុំប្រចាំឆ្នាំនៃ សហព័ន្ធសារព័ត៌មានអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នាពេលនេះមាន មកពីអង្គភាពសារព័ត៌មានជាតិ និងអន្តរជាតិ មកពីប្រទេសអាស៊ីអាគ្នេយ៍ ១០ ប្រទេស និងប្រទេសអាស៊ីខាងត្បូងជាច្រើនទៀត នៅក្នុងនោះ គណៈប្រតិភូមកពីកម្ពុជាដឹកនាំដោយលោក ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបណ្ដាសារព័ត៌មានផ្សេងជាច្រើន ក្នុងនោះក៏មានសារព័ត៌មានត្រយ៉ងញូវស៍ចូលរួម ផងដែរ។ គោលបំណងសំខាន់នៃកិច្ចប្រជុំខាងលើ គឺពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកព័ត៌មានរវាងប្រទេសក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។
នៅក្នុងវេទិកាវិជ្ជាជីវៈនេះ កិច្ចប្រជុំក៏បានពិភាក្សាអំពីបញ្ហាប្រឈមសារព័ត៌មានទំនើប រួមទាំងសង្គ្រាមព័ត៌មាន (Information Warfare) និង ព័ត៌មានបំពុល (Fake News) ដើម្បីជំរុញស្តង់ដារអាជីព និង ការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ៕
ប្រភពព័ត៌មាន៖ ទីភ្នាក់ងារ AKP