ខេត្តរតនគិរី ៖ បទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់(ដាក់ដាយស្បៃអួន)បិទពេញអូរកន្សែងត្រូវបានកម្លាំងខណ្ឌរដ្ឋបាលជលផលរួមសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកវើនសៃ បានចេញប្រតិបត្តិការចុះបង្ក្រាប។
បទល្មើសជលផលនេះកម្លាំងជំនាញបានចុះបង្ក្រាបនៅព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ ត្រង់ចំណុចអូរកន្សែង ប្រវែងជាង៤០ម៉ែត្រស្ថិតក្នុងភូមិទាមក្រោម ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី ជាប់ខាងកើតចម្ការលោកអភិបាលស្រុកតែម្ដង ដោយប្រើប្រាស់កម្លាំង៩នាក់ មធ្យោបាយរថយន្តចំនួនមួយគ្រឿង ម៉ូតូប្រាំគ្រឿងហើយជាលទ្ធផលបង្ក្រាបបានបទល្មើសជាក់ស្ដែងមានឧបករណ៍នេសាទដាយស្បៃអួនដាក់កាត់មុខអូរដែលច្បាប់ស្ដីពីជលផលបានហាមឃាត់។
នាយខណ្ឌជលផលខេត្តរតនគិរី លោក
ផាត បញ្ញាបាទឱ្យដឹងថា ក្នុងពេលក្រុមសមត្ថកិច្ចចម្រុះចុះដល់ទីកន្លែងកើតហេតុ មិនឃើញជនល្មើសទេ ទំនងដឹងខ្លួនមុនគេចខ្លួនបាត់ស្រមោលតែម្ដង។
ក្នុងប្រតិបត្តិការចុះបង្ក្រាបនោះ. សមត្ថកិច្ចបានរឹបអូសឧបករណ៍នេសាទខុសច្បាប់ រួមមាន៖
-សាច់អួនក្រឡាបីសង់ទីម៉ែត្រប្រវែងទទឹង ៥៣ម៉ែត្រ, របាំងព្រួលធ្វើពីឫស្សីប្រវែង ៣០ម៉ែត្រ។
លោកនាយខណ្ឌជលផលខេត្តរតនគិរីបញ្ជាក់ថា ឧបករណ៍ល្មើសច្បាប់ខាងលើនេះប្រមាណ ៩០% ត្រូវបានសមត្ថកិច្ចចម្រុះ វះកាត់កម្ទេចចោលឲ្យហូរទៅតាមទឹកដោយសារថាមិនអាចលើករួចយកមកបាន វាធ្ងន់ពេក និងមានជាប់សម្រាស់ច្រើនថែមទៀតផង គឺយកបានតែសាច់អួនប្រមាណប្រាំម៉ែត្រនិងខ្សែពួរប្រវែងប្រាំ ម៉ែត្រសមត្ថកិច្ចនាំមករក្សាទុក្ខ។
រីឯម្ចាស់ធ្វើបទល្មើសនោះត្រូវបានគេបង្ហើបថាមានឈ្មោះ សំរិទ្ធ នឹម ហៅ តានឹមយាយណាត ភេទប្រុស អាយុ៥៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិទាមក្រោម ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី ៕ ដោយ ៖ ជីវ័ន្ត