ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចស្រុកមោងឫស្សី បានចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាបូបលុយ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៥និង២០នាទី ស្ថិតនៅត្រង់ចំណុចក្រុមទី០២ ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាលស្រុកមោងឫស្សី រួមជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីក្រាំង សហការជាមួយ កម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស្វាយ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានចុះធ្វើការស្រាវជ្រាវ ត្រង់ចំណុចក្រុមទី០២ ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ភឿន មករា ហៅដុំដី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ។
កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០២រំលងអាធ្រាត នៅចំណុចក្រុមទី០៩ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីក្រាំង បានទទួលបណ្ដឹង មានករណីលួច (ទ្រព្យសម្បត្តិ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលលួចកាបូបលុយ របស់ជនរងគ្រោះឈ្មោះ លៀង គន្ធា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់ចាប់ហួយ រស់នៅភូមិថ្នលបត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលបានទុកក្បែរខ្លួនរួចសំរាកលង់លក់ លុះព្រឹងឡើងវេលាម៉ោងប្រហែល០៥ព្រឹក ភ្ញាក់ពីដំដេកទើបដឹងថាបាត់កាបូបលុយ ។ សម្ភារៈដែលបាត់បង់រួមមាន៖ កាបូបលុយពណ៌ឈាមជ្រូកចំនួន០១, លុយខ្មែរប្រហែលចំនួន ២០០០០០០៛ (ពីរលានរៀល), កាតទូរស័ព្ទប្រហែល១៩០សន្លឹក(មានកាត់metfone និងកាតsmart ), អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរចំនួន០២សន្លឹក និងក្រវិលកំប៉ុង០១ចំនួន ដែលទុកក្នុងកាបូបនោះ ។
ក្រោយពីបានសាកសួរ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលលួចកាបូបលុយ របស់ជនរងគ្រោះ ត្រង់ចំណុចកើតហេតុខាងលើ ពិតប្រាកដមែន។ វត្ថុតាងដកហូតបានរួមមាន៖ កាបូបលុយចំនួន០១, លុយខ្មែរ ៣២០០៛ (បីពាន់ពីររយរៀល), កាតទូរស័ព្ទចំនួន១៥៦សន្លឹក (កាតsmartចំនួន ២៤សន្លឹកនិងកាតmetfone ចំនួន១៣២សន្លឹក) និងទូរសព្ទ័ចំនួន០១គ្រឿង ម៉ាក samsung A15 ពណ៌ខ្មៅ (របស់ជនសង្ស័យ) ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកមោងឫស្សី សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕