ភ្នំពេញ៖ ស្ពានអាកាសនេះ ស្ថិតនៅចំណុចប្រសព្វរវាងខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។ ស្ពានអាកាសមរតកតេជោ នឹងដោះស្រាយបាននៅលំហូរលំហូរ ចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ និង អាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ នៅតាមបណ្ដោយផ្លូវជាតិ១ចូលមករាជធានីភ្នំពេញ។
ក្រៅពីកាត់បន្ថយការកកស្ទះចរាចរណ៍ដែលតែងតែកើតមាននៅត្រង់ចំណុចនេះ ស្ពាននេះ ក៏បានជួយលើកសោភ័ណភាព ទីក្រុងភ្នំពេញ ឲ្យកាន់តែស្រស់បំព្រងថែមទៀតផងដែរ។
មកដល់ពេលបច្ចុប្បន្នស្ពានអាកាសចំនួន៨ហើយក្នុងរាជធានីភ្នំពេញ ត្រូវបានសាងសង់រួចរាល់ និងដាក់ឱ្យប្រើប្រាស់។ ស្ពានអាកាសទាំង៨រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ (២៤ មិថុនា ២០១០), ស្ពានអាកាស៧មករា (៦ មករា ២០១២), ស្ពានអាកាសស្ទឹងមានជ័យ (៣១ កក្កដា ២០១៤), ស្ពានអាកាស៥មករា (៥ មករា ២០១៦), ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» (២ កក្កដា ២០១៨), ស្ពានអាកាសរង្វង់មូលចោមចៅ (៣១ មីនា ២០២២), ស្ពានអាកាសឫស្សីកែវ ស្ថិតលើផ្លូវជាតិលេខ៥ (៣១ ខែឧសភា ឆ្នាំ២០២៣) និងស្ពានអាកាស មរតកតេជោ ដែលជាស្ពានអាកាសទី៨ ក្នុងរាជធានីភ្នំពេញ៕ដោយ៖តារា