ភ្នំពេញ៖ ទីតាំងផ្ទេរប្រាក់ វេលុយអុីម៉ាន់នី បង្កប់ល្បែងសីុភ្នាល់បាល់តាមអ៊ីនធើណេត មួយកន្លែងត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌចំការមន ចុះបង្ក្រាប។
ប្រតិបត្តិការបង្ក្រាបទីតាំងខាងលើធ្វើឡើងនៅវេលាម៉ោង៤ល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ២១ ផ្លូវ៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំកាមន រាជធានីភ្នំពេញ។
បើតាមសម្ដីពី លោក មាំុង សុខលុច នាយការិយាល័យបានបញ្ជាក់ថា ក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងការចុះបង្ក្រាបទីតាំងផ្ទេរប្រាក់ វេលុយអុីម៉ាន់នី បង្កប់ល្បែងសីុភ្នាល់បាល់តាមអ៊ីនធើណេតនេះត្រូវបានកម្លាំងរបស់លោកបង្ក្រាបហើយបានឃាត់ខ្លួនមនុស្ស ១២នាក់ ក្នុងនោះមេកា ២នាក់ ប្រុសម្នាក់និងស្រីម្នាក់ និងអ្នកលេង១០នាក់ និងលុយជាង ១៦៤០ដុល្លារ កុំព្យូទ័រ១គ្រឿងរួមទាំងម៉ូតូ១០គ្រឿងផងដែរ។
បច្ចុប្បន្នមនុស្សទាំង១២នាក់ និងវត្ថុតាងត្រូវបានយកទៅសួរនាំនៅការិយាល័យកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ ស រស្មី
...