ខេត្តព្រះសីហនុ៖ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ និងតាមដានពីសកម្មភាពរបស់ជនល្មើសក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុ បានសិក្សាទីតាំងបំពាក់ការមេរ៉ាសុវត្ថិភាពចំនួន ១៦៧ទីតាំង ស្មើនឹង ២៥៧ កាមេរ៉ា ។
យោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា លោក ម៉ាង ស៊ីណេត អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិនិត្យការបំពាក់កាមេរ៉ាសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលបានសិក្សាទីតាំងបំពាក់ការមេរ៉ាសុវត្ថិភាពដំណាក់កាលទីពីរចំនួន ១៦៧ទីតាំង ស្មើនឹង ២៥៧កាមេរ៉ានៅតាមបណ្ដោយផ្លូវក្នុងខេត្តព្រះសីហនុ ដើម្បីរួមចំណែកក្នុងការការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងតាមដានពីសកម្មភាពរបស់ជនល្មើសដែលបានប្រព្រឹត្តអំពើខុសច្បាប់ក្នុងខេត្តព្រះសីហនុ អាចឱ្យយើងតាមដាន និងបង្ក្រាបជនល្មើសបានទាន់ពេលវេលា ដោយក្រុមការងារបានចុះទៅទីតាំងដែលត្រូវបំពាក់កាមេរ៉ាសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ មានដូចជា ៖ ក្រុងព្រះសីហនុ ,ក្រុងកំពង់សោម, ស្រុកព្រៃនប់.ស្រុកកំពង់សីលា ដោយកំណត់យកគោលដៅសំខាន់ៗ ។
នាឱកាសនោះដែរ លោក ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍លើកឡើងពីភូមិសាស្ត្រក្នុងខេត្តព្រះសីហនុ ដែលបានភ្ជាប់ជាមួយនឹងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង/ខេត្តព្រះសីហនុ ដោយមានកាមេរ៉ាសុវត្ថិភាពចំនួន ៥៣៣កាមេរ៉ាដែលត្រូវបានបំពាក់នៅលើទីតាំង ៤៣៣ទីតាំងតាមដងផ្លូវ ៣៤ខ្សែ ហើយមជ្ឈមណ្ឌលបញ្ជាប្រព័ន្ធកាមេរ៉ាទាំងនេះត្រូវបានរៀបចំនៅក្នុងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយទីតាំងមួយចំនួនទៀតត្រូវបំពាក់កាមេរ៉ាបន្ថែម ដែលជាទីតាំងនិងផ្លូវសំខាន់ៗក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ៕ដោយ៖តារា