ភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២៥ បានអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួននិងឃុំ ខ្លួនពាណិជ្ជករម្នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដោយជាប់ពាក់ពន្ធពីបទ.សមគំនិតក្នុងអំពើ ឆបោកមានស្ថានទម្ងន់ទោស ដែលមានទំហំទឹកប្រាក់ប្រមាណជិត៣ លានដុល្លារអាមេរិក។
ជនជាប់ចោទមានឈ្មោះ ហុង ឡុង ភេទប្រុស អាយុ៣០ ឆ្នាំ មុខ របរ លក់ដូរ ស្នាក់នៅឃ្លាំងទិញលក់រថយន្ត ១៧៨ ស្ថិតនៅផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួននិងឃុំខ្លួន របស់សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ភ្នំពេញ បានចេញពីថ្ងៃទី០៥ ខែសី ហា ឆ្នាំ២០២៥ បង្គាប់ឲ្យមន្ត្រីនគរបាលយុត្តិធម៍ ចាប់ខ្លួននិងឃុំខ្លួនទៅលើឈ្មោះ ហុង ឡុង ក្នុងចំណោមបក្ខជាច្រើននាក់ដែលកំពុងគេចខ្លួនជាប់ពាក់ពន្ធពីបទ.ឆបោក និងសមគំនិតក្នុងអំពើ ឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ និងឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ។ និងតាមអំណាចសាលដីកាព្រហ្មទណ្ឌ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ របស់សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចបង្គាប់ឲ្យចាប់ខ្លួននិងឃុំខ្លួនជនជាប់ចោទឈ្មោះ ហុង ឡុង នាំយកទៅឃុំខ្លួននៅពន្ធនាគារ មណ្ឌលអប់រំកែប្រែទី១(ម១)នៃក្រសួងមហាផ្ទៃ។
តាមអង្គហេតុនៃចាប់ខ្លួនជនជាប់ចោទ ត្រូវបានប្រភពព័ត៌មានបង្ហើបឲ្យដឹងថា កាលពីអំឡុងដើមខែមករា ឆ្នាំ២០២១ ឈ្មោះ ហុង ឡុង និងបក្ខពួកជាច្រើននាក់ មានម្នាក់កំពុងជាប់នៅក្នុងឃុំហើយ បានដើរតួរធ្វើកិច្ចសន្យាជាអ្នកទិញ.លក់ដីធ្លី ពីជនរងគ្រោះក្នុងតម្លៃជិត៣ លានដុល្លារអាមេរិក ហើយដោយសារជនរងគ្រោះជាមនុស្សចាស់នឹងមានការជឿទុកចិត្តលើក្រុមនោះ ក៏បានផ្តិតមេ ដៃផ្ទេរកម្មសិទ្ធដីធ្លីឲ្យទៅពួកគេ ដែលជាក្រុមមានការចាត់តាំង ហើយក្រុមនោះមិនបានប្រគល់លុយឲ្យទៅដើមបណ្តឹងវិញទេ បែជាយកប្លង់កម្មសិទ្ធីដីធ្លីរបស់ជនរងគ្រោះហ្នឹង ទៅដាក់បញ្ចាំនៅធនាគារមួយ ដែលមានទឹកប្រាក់ជិត៣លានដុល្លារអាមេរិ។ បន្ទាប់មកដោយមានការចាំយូពេក ជនរងគ្រោះក៏បានស៊ើបសួរទៅទើបដឹងថា ក្រុមនេះជាក្រុមជនឆបោក ដូច្នេះបានជាជនរង គ្រោះ សម្រេចចិត្តប្តឹងទៅតុលាការឲ្យជួយចាត់ការក្នុងសំណុំរឿងនេះទៅតាមផ្លូវច្បាប់។
នៅពាក់កណ្តាលឆ្នាំ២០២៤ សំណុំរឿងព្រហ្មទណ្ឌទាំងមូលនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញ លើកយកមកបើកសវនាការផ្តន្ទាទោសលើជនជាប់ចោទ តែក្នុងនោះមានជនត្រូវចោទខ្លះ ត្រូវបានលើកទោស និងខ្លះត្រូវផ្តន្ទាទោស ដូច្នោះទើបបានជាដើមបណ្តឹងមិនសុខចិត្ត ក៏ដាក់ពាក្យសុំអន្តរាគមន៍ទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ដើម្បីឲ្យអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ប្តឹងលើសាលក្រមសម្រេចក្តីនោះ។
លុះនៅខែសីហា ឆ្នាំ២០២៥ សភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍ បើកសវនាការសម្រេចផ្តន្ទាទោសលើជនជាប់ចោទពីបទ.ឆបោកមានស្ថានទម្ងន់ទោស ហើយឈ្មោះ ហុង ឡុង នេះជាប់ចោទពីបទ.សមគំនិតក្នុងអំពើឆបោកមានស្ថានទម្ងន់ទោស និងចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទ យកទៅដាក់ពន្ធនាគារតាមច្បាប់កំណត់ផងដែរ៕ ដោយ រ៉ារ៉ា