ភ្នំពេញ៖ ក្រុមមេធាវីនិងលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានដើរចេញពីបន្ទប់សវនាការសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីដាក់សំណើឲ្យតុលាការបញ្ឈប់សវនាការ តែតុលាការមិនយល់ព្រម ។
មេធាវី៣រូបការពារក្ដីលោក អ៊ុំ សំអាន គឺ លោក ហែម សុជាតិ លោក ជូង ជូងី និង លោក សំ សុគង់ បាននិយាយក្នុងសវនាការថា តុលាការគ្មានសិទ្ធិបើកសវនាការសំណុំរឿងលោក អ៊ុំ សំអាន នោះទេ ដោយលើកហេតុផល៣ចំណុច ។ ទី១ លោក អ៊ុំ សំអាន មានអភ័យឯកសិទ្ធិសភា ទី២ បណ្ដឹងសុំមោឃភាពនីតិវិធីនៅដំណើរការនៅតុលាការកំពូល នៅឡើយ និង ទី៣ ការបង្ហោះសំលេង និយាយពីបញ្ហាព្រំដែនពុំមែនជាបទល្មើស ទេ ។
ទោះបីយ៉ាងណា លោក ហេង សុខណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ យល់ឃើញថា សវនាការនៅព្រឹកថ្ងៃទី៥ ខែកញ្ញា នេះ មិនខុសនីតិវិធីឡើយ ហើយរហូតដល់ម៉ោង១១ព្រឹកថ្ងៃដដែលនេះ តុលាការកំពុងបន្តសវនាការ បើទោះបីជា ក្រុមមេធាវី និង លោក អ៊ុំ សំអាន បានដើរចេញពីបន្ទប់សវនាការ ។
លោក អ៊ុំ សំអាន ជាប់ចោទពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ( បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ) និង បទញុះញង់ឲ្យមានការរើសអើង ពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និង ព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ៕
ដោយ៖ ចេស្តា