ភ្នំពេញ៖ ប៉ូលិសប្រចាំនៅសាលាដំបូងរាជធានីភ្នំពេញ រងការរិះគន់ថា បានដេញអ្នកសារព័ត៌មានចេញពីបរិវេណតុលាការ បើទោះបី អ្នកកាសែតរូបនេះ គ្រាន់តែចូលក្នុងតុលាការ ដោយមិនធ្វើការផ្តិតរូបភាពក៏ដោយ ។ ប្រធានតុលាការ បញ្ជាក់ថា អ្នកកាសែតមានសិទ្ធិចូលតុលាការ តែហាមផ្តិតយករូបភាពទាំងអស់ក្នុងបរិវេណ ដែលនេះជាបទបញ្ជាផ្ទៃក្នុង ។
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា សសសក លោក ហ៊ុយ វណ្ណៈ ថ្លែងថា ករណីនេះអាចជាការមិនយល់គ្នារវាងមន្ត្រីតុលាការ និង អ្នកសារព័ត៌មាន ដែលគប្បីរកចំណុចកណ្ដាលដែលល្អប្រសើរមួយ ។
លោក ទេស ឆាយានាថ ភ្នាក់ងារព័ត៌មានរបស់ទូរទស្សន៍ BTV News ប្រចាំស្ថាប័នតុលាការ ថ្លែងថា កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ រូបលោកបានចូលយកព័ត៌មានក្នុងតុលាការដូចសព្វមួយដង ។ លោកបានអង្គុយលើបង់ជិតជណ្ដើរដើរទៅលើអគារតុលាការ តែម្នាក់ឯង ។
មួយសន្ទុះក្រោយមក ឃើញមន្ត្រីប៉ូលិសវ័យចំណាស់ម្នាក់ បានស្រែកពីចម្ងាយក្នងអាកប្បកិរិយាមួយមិនសមរម្យថា ” ចេញពីតុលាការ “។ លោក ឆាយានាថ ឆ្លើយតបវិញក្នុងនាមជាអ្នកស្គាល់គ្នា ថា ” ខ្ញុំមិនថតរូបទេពូ ” តែប៉ូលិសចំណាស់នោះ នៅតែស្រែកឲ្យចេញពីតុលាការ ទាំងក្នុងចំណោមខ្សែភ្នែកមហាជន ។
ក្រោយមក លោក ឆាយានាថ បានដើរចេញពីបរិវេណតុលាការ តាមការស្រែកបញ្ជាឲ្យចេញពីសំណាក់មន្ត្រីប៉ូលិសតុលាការ ដែលជិតចូលនិវត្តន៍ រូបនេះ ។
ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ ថ្លែងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ថា អ្នកកាសែតមានសិទ្ធិចូលតុលាការ តែហាមផ្តិតយករូបភាពទាំងអស់ក្នុងបរិវេណ ដែលនេះជាបទបញ្ជាផ្ទៃក្នុង ។
លោក ស៊ុនឡាយ បន្ថែមថា ជាទម្លាប់របស់អ្នកកាសែតដែលតែងតែចូលក្នុងបរិវេណតុលាការថតរូបភាព ទោះបីឃើញបទបញ្ជាផ្ទៃក្នុងក៏ដោយ ។
គេនៅចាំបានថា កាលពីជំនាន់លោក ជីវ កេង ជាប្រធានសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីប៉ូលីសប្រចាំតុលាការពុំដែលហាមឃាត់អ្នកសារព័ត៌មានឡើយ បើគ្រាន់តែថតរូបនោះ ដែលនេះបង្ហាញពីការសហការគ្នាល្អរវាងតុលាការនិងអ្នកសារព័ត៌មាន ។
កាលពីពេលថ្មីៗនេះ ប៉ូលិសសាលាដំបូងរាជធានីភ្នំពេញ ម្នាក់ផ្សេងទៀត ក៏ត្រូវបានលោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM រិះគន់ផងដែរថា មានអាកប្បកិរិយាមិនសមរម្យចំពោះរូបលោក ដោយរុញច្រានឲ្យចេញពីមុខតុលាការ ពេលកំពុងផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ។
ប៉ុន្តែ កាលនោះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ច្រានចោលការលើកឡើងនេះ ដោយបញ្ជាក់ថា នេះជាការរៀបចំសណ្តាប់ធ្នាប់ឲ្យមានរបៀបរៀបរយប៉ុណ្ណោះ ។
ពាក់ព័ន្ធករណីនេះ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ” សសសក ” ថ្លែងថា តុលាការដែលត្រូវធ្វើសវនាការជា សាធារណ: ឬអសាធារណ: ។ លោកសង្ឃឹមថា លើកក្រោយៗនឹងមានការពន្យល់កាន់តែច្បាស់អំពីនីតិវិធីនេះ ដើម្បីកំុឱ្យមានការយល់ច្រឡំគ្នារវាងសារព័ត៌មាន និងតុលាការ និងដើម្បីប្រជាជនអាចទទួលបានព័ត៌មានពេញលេញ ៕
ដោយ៖ ចេស្តា