ភ្នំពេញ ៖ ដូចការគ្រោងទុកសន្និសីទអន្តរជាតិស្តីពី “ការវិវត្តចុងក្រោយនៃឧស្សាហកម្មបច្ចេកវិទ្យាលើបញ្ញា សិប្បនិម្មិត (AI)” នឹងប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ ប្រទេសចិនចាប់ពីថ្ងៃស្អែកនេះហើយ។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែត កម្ពុជា, លោក លាង ដឺលុចនាយកប្រតិបត្តិ និងលោក សៅ ភិរុណសមាជិកគណៈកម្មាធិការនាយក ក.អ.ក ត្រូវបានអញ្ជើញឱ្យទៅ ចូលរួមក្នុងសន្និសីទដ៏មានសារៈសំខាន់មួយនេះដែលរៀបចំឡើង ដោយ ក្រុមហ៊ុនហួវៃ (Huawei) ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៥។
«Huawei Connect 2025: All Intelligence» ជាប្រធានបទ ដែលនឹងលើកយកមកពិភាក្សានៅឯកិច្ចប្រជុំកំពូលរបស់អ្នកជំនាញដែលនឹងផ្តោតទៅលើការវិវត្តចុងក្រោយនៃឧស្សាហកម្មបច្ចេកវិទ្យា ជាពិសេស បញ្ញាសិប្បនិម្មិត (Artificial Intelligence), យុទ្ធសាស្ត្របច្ចេកវិទ្យា និងអេកូស៊ីស្ទឹម។
អ្នកចូលរួមទាំងអស់ប្រមាណ២ម៉ឺននាក់មកពីជុំវិញពិភពលោក ក្នុងនោះ ប្រតិភូទៅពីប្រទេសកម្ពុជាមាន ជិត១០០នាក់នឹងមានឱកាសបានជួបជាមួយអ្នកជំនាញ ក៏ដូចជាដៃគូសហការនានាដោយផ្ទាល់នៅឯសន្និសីទខាងលើ និងការតាំងពិព័ណ៌ផលិតផលបច្ចេកវិទ្យាចុងក្រោយ នៅឯមជ្ឈមណ្ឌល សន្និបាត Shanghai World Expo Exhabition & Covention Center និងShanghai Expo Center។
លោក ពុយ គា បានថ្លែងថា «ក្លិបអ្នកកាសែតកម្ពុជា នឹងយកឱកាសចូលរួមកិច្ចប្រជុំខាងលើនេះដើម្បី ពង្រឹងទំនាក់ទំនងជាមួយសមាគម និងអ្នកសារព័ត៌មានជាច្រើនទៀតនៅក្នុងពិភពលោក ក្នុងគោលបំណងផ្លាស់ប្តូរ បទពិសោធន៍ ពង្រីកសមត្ថភាព និងពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ជាពិសេសលើការប្រើប្រាស់ព័ត៌មាន AI»។
យុទ្ធសាស្ត្រ AI Intelligence របស់ Huawei នឹងបន្តពង្រឹងការប្រើប្រាស់ AI នៅគ្រប់ឧស្សាហកម្ម បង្កើតផលិតផលប្រកួតប្រជែង និងសហការជិតស្និទ្ធជាមួយដៃគូ និងអ្នកអភិវឌ្ឍន៍ ដើម្បីផ្តល់ដំណោះស្រាយឆ្លាតវៃតាមតម្រូវការ៕
ប្រភព ៖ លោក ពុយ គា