ឃាតកម្មចាក់៣៣កាំបិតលើយុវតីអាយុ១៦ឆ្នាំនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបាន, ជនដៃដល់យុវតីវ័យ១៧ឆ្នាំ មូលហេតុខឹងជនរងគ្រោះអូសទាញសាច់ញាតិឲ្យរួមមេត្រីជាមួយអ្នកដទៃ

ចែករំលែក៖

ភ្នំពេញ: យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០១៖១៥នាទី មានករណីប្រទះឃើញមនុស្សដេកស្លាប់សង្ស័យជាករណីឃាតកម្ម នៅចំណុចក្នុងបន្ទប់ដេកស្ថិតនៅភូមិសូរវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះមានឈ្មោះ ធឿន ជីន ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានស្នាមចាក់ដោយកាំបិតលើរាងកាយចំនួន៣៣កន្លែង។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានធ្វើការស្រាវជ្រាវតាមនីតិវិធីនិងជំនាញ ដោយកំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យដែលបានធ្វើសកម្មភាពខាងលើ។

លុះនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ធឿន ស្រីកា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ នៅត្រង់ចំណុចភូមិសូរវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យខាងលើបានសារភាពថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ខ្លួនបានទៅទិញកាំបិតចុងស្រួចនៅផ្សារមានតម្លៃ១២០០០រៀល រួចបានទៅធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះខាងលើប្រាកដមែន។ មូលហេតុដោយ ដោយសារតែជនរងគ្រោះបានអូសទាញសាច់ញាតិរបស់ខ្លួនធ្វើអនាចារផ្លូវភេទជាមួយអ្នកដទៃ ទើបធ្វើឲ្យខ្លួនខឹងក៏ធ្វើសកម្មភាពចាក់សម្លាប់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង អនុវត្តបន្តតាមនីតិវីធី៕ ដោយជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print