ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ តបតាមសំណើរបស់អ្នករៀបចំកម្មវិធី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Angella Rippon ដែលជាអ្នកសារព័ត៌មានដ៏ល្បីល្បាញនៅចក្រភពអង់គ្លេស និងពិភពលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក៏ដូចជាជម្រាបពីចំណាប់អារម្មណ៍របស់លោកស្រី ក្នុងអំឡុងពេលថតភាពយន្តឯកសារពីប្រទេសកម្ពុជា នៅលើនាវាទេសចរណ៍ខ្នាតអន្តរជាតិ។
ក្នុងជំនួបប្រកបដោយភារតភាព ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីដែលបានជ្រើសរើសថតភាពយន្តឯកសារពីប្រទេសកម្ពុជា ជាពិសេសបានផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍ដ៏សម្បូរបែប រួមទាំងបេតិកភណ្ឌពិភពលោកគឺប្រាសាទអង្គរវត្ត បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ស្នើលោកស្រីជួយផ្សព្វផ្សាយពីសភាពការណ៍ពិតនយោបាយ សន្តិសុខ សុវត្ថិភាព សេដ្ឋកិច្ច និងសណ្តាប់ធ្នាប់សង្គមដ៏ល្អប្រសើររបស់ប្រទេសកម្ពុជា ជាពិសេសការអភិវឌ្ឍន៍លើគ្រប់វិស័យដែលលោកស្រីបានឃើញផ្ទាល់នាពេលនេះ។
ជាកិច្ចឆ្លើយតប លោកស្រី Angella Rippon បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់លោកស្រី ដែលលោកស្រី ពិតជាមានកិច្ចសោមន្ស និងរីករាយយ៉ាងខ្លាំងក្នុងដំណើរទេសចរណ៍របស់លោកស្រីក្នុងប្រទេសកម្ពុជានាពេលនេះ ពិសេសគឺបានធ្វើដំណើរគ្រប់ទីកន្លែងចាប់ពីជនបទដល់ទីក្រុងព្រមទាំងការជិះរឺម៉កទស្សនារាជធានីភ្នំពេញនាពេលរាត្រីផងដែរ។
លើសពីនេះទៅទៀត លោកស្រី បានកោតសរសើរពីប្រទេសកម្ពុជា ដែលមានប្រវត្តិសាស្រ្ត និងសម្បត្តិបេតិកភណ្ឌដ៏អស្ចារ្យ ជាមួយស្នាមញញឹមរួសរាយរបស់ប្រជាជន ដែលលោកស្រីបានកោតសរសើរថា “ព្រះរាជាណាចក្រនៃស្នាមញញឹម” និង “ជាទីកន្លែងដែលអស្ចារ្យសម្រាប់ការធ្វើទេសចរណ៍”។ លោកស្រី ពិតជាបាននាំយកនូវអនុស្សាវិរិយ៍មិនអាចបំភ្លេចបាន និងបទពិសោធល្អៗ ពីប្រទេសកម្ពុជា ផ្សព្វផ្សាយដល់ក្រុមគ្រួសារ សហការី និងប្រជាជនអង់គ្លេស ដើម្បីមកទស្សនាកម្ពុជាឱ្យបានច្រើនឡើងថែមទៀត៕