មន្ត្រីមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បើករថយន្តកិនក្មេងអាយុ៥ឆ្នាំម្នាក់ស្លាប់ បង់លុយ៥ពាន់$ បញ្ចប់រឿង 

ចែករំលែក៖

ខេត្តរតនគិរី ÷ មិនគួរឲ្យកើតមានសោះ មន្ត្រីនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីម្នាក់ទំនងមើលពុំឃើញកូនក្មេងអាយុ៥ឆ្នាំរត់លេងក្នុងបរិវេណមន្ទីរពេទ្យបានបើករថយន្តកិនពីលើទាំងកង់មុខផងកង់ក្រោយផងស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯខេត្តសៀមរាប។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២៥ វេលាម៉ោង១ជាងក្នុងចំណុចបរិវេណទល់មុខអគារសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

មន្ត្រីបម្រើក្នុងមន្ទីរពេទ្យបង្អែកខេត្តជាជនបង្ករូបនោះត្រូវបានគេស្គាល់ឈ្មោះ ហេង រតនា ភេទប្រុស អាយុ៥០ឆ្នាំជាងជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ រីឯក្មេងរងគ្រោះបានស្លាប់ ឈ្មោះ បឿន ចន្ធូ ភេទស្រី អាយុ ៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ( រស់នៅក្នុងបន្ទុក)។

ឪពុកឈ្មោះសុឹម បឿន អាយុ ៥៣ឆ្នាំជនជាតិខ្មែរ ម្តាយឈ្មោះទូច សុខខឿន អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានជម្ងឺប្រចាំកាយរុាំរ៉ៃជាង១០ឆ្នាំហើយ មានទីលំនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ មានមុខរបរកសិករ និងមានកូនប្រុសស្រីក្នុងបន្ទុកចំនួន៦នាក់ ប្រុស២នាក់ ឯក្មេងស្រីរងគ្រោះជាកូនពៅ។

តាមប្រភពនៅកន្លែងកើតហេតុនិងមើលតាមកាមេរ៉ាសុវត្ថិភាពបានឲ្យដឹងថា មុនពេលកើតហេតុ នាវេលាម៉ោងខាង លើ គេឃើញកូនក្មេងស្រីតូចរត់លេងពីក្រោយឪពុកទំនងចេញទៅរកទិញអីញាំ ដោយសារពួកគាត់មកដេកកំដរប្រពន្ធឈឺនៅអគារព្យាបាលជម្ងឺខាងក្រោយ។ ស្រាប់តែមួយសន្ទុះក្រោយមកក៏មានរថយន្តម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខប.មានជ័យ2A-9657 អ្នកបើកបរឈ្មោះ ហេង រតនា នោះបានបើកចូលមកហួសរង្វង់មូលដងទង់ជាតិក៏បើកតម្រង់ទៅជើង ខណៈមកដល់មុខអគារសង្គ្រោះបន្ទាន់នោះ ស្រាប់តែទៅកិនលើកូនក្មេងស្រីតូចនោះតែម្តង ។

ប្រភពបន្តថា អ្វីដែលហួសចិត្តបំផុតនោះ ពេលកិនកង់មុខបានសម្រេចហើយ ម្ចាស់រថយន្តមិនទាន់ដឹងខ្លួនថាកិនទៀត នៅបន្តកិនកង់ក្រោយថែមទៀតរថយន្តឡើងផ្អៀងក៏នៅពុំទាន់ឈប់ នៅបន្តបើកទៅមុខយ៉ាងព្រងើយរហូតដល់គោលដៅរបស់គាត់ឯចំណតខាងក្នុងនោះ។

ករណីនេះបង្កការភ្ញាក់ផ្អើលទាំងអ្នកជម្ងឺ ទាំងអ្នកកំដរអ្នកជម្ងឺ ទាំងរុឺម៉កម៉ូតូកង់បី កង់បួន ទាំងក្រុមគ្រូពេទ្យផ្អើលឈូឆរ ចោមរោមមើល លើកកូនក្មេងចូលបន្ទប់សង្គ្រោះបន្ទាន់នោះតែម្តង។ តែដោយស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរពេក  ក្រុមគ្រូពេទ្យក៏បំពេញឯកសារបញ្ជូនបន្តតាមរថយន្តសាមុយទៅខេត្តសៀមរាប នៅវេលាម៉ោង១៤ៈ០០ តែអកុសលពេលដល់ជាងពាក់កណ្តាលផ្លូវ ក្មេងស្រីបានផុតដង្ហើមបាត់។

ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី លោកអូន សាវុធ នៅរសៀលថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៥បានឲ្យក្រុមអ្នកសារព័ត៌មានដឹងតាមទូរស័ព្ទថា ពិតជាកើតមានករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកនោះមែនបង្កឡើងដោយលោក ហេង រតនា ប្រាកដមែន។ លោកថា វាជាកំហុសអចេតនាបំផុត  ដោយកើតហេតុដំបូងលោកបានប្រឹងប្រែងជួយអស់លទ្ធភាពហើយ ។ ទាក់ទងបញ្ហានេះលោកប្រធានបញ្ជាក់ថា រវាងជនបង្កនឹងក្រុមគ្រួសារជនរងគ្រោះបានសម្របសម្រួលគ្នាក្នុងដែនអាជ្ញាធរមានសមត្ថកិច្ចនៃស្នងការដ្ឋានរួចរាល់ហើយ។

នគរបាលចរាចរណ៍ផ្លូវគោកសុំមិនបញ្ចេញឈ្មោះ នារសៀលថ្ងៃខែឆ្នាំដដែលបានផ្តល់បទសម្ភាសន៍ឲ្យដឹងដែរថា ករណីនេះបានដោះស្រាយរួចហើយ ដោយឲ្យភាគីទាំង២មកសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿង។ ឪពុកជនរងគ្រោះលោកសុឹម បឿន ឲ្យដឹងតាមទូរស័ព្ទថា លោកបានទទួលសំណងចំនួន៥០០០$(ប្រាំពាន់ដូល្លារសហរដ្ឋអាមេរិក)ពីជនបង្កគ្រប់ចំនួនហើយ។

...

អ្នកច្បាប់លើកឡើងថា អំពើខាងលើនេះគឺខុសទាំងស្រុងហើយ ប៉ុន្តែប៉ូលិសនិងតំណាងអយ្យការអាចបើកការចោទប្រកាន់ជាសំណុំរឿង ដោយសារថារឿងបើកបរក្នុងការឆ្វេសប្រហែស មិនមែនជាករណីសម្របសម្រួលសងប្រាក់រួចខ្លួននោះទេ ក្នុងនោះក៏មិនទាន់គិតអំពីការបើកបរក្នុងស្ថានភាពស្រវឹងឬបញ្ហាផ្សេងៗផងទេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print