ខេត្តស្វាយរៀង៖ មានការបង្ហោះនៅតាមបណ្តាញសង្គម ការចែករំលែកវីដេអូ និងរូបភាពពីរថយន្តសារ៉ែន បើកនាំមុខអ្នកជិះកង់ហាត់ប្រាណ ដែលនាំឲ្យមានការរិះគន់ និងវាយប្រហារធ្ងន់ៗ ក្រោមការយល់ឃើញថា អ្នកមានលុយមានអំណាច បែរជាយករថយន្តរដ្ឋ ប្រេងរដ្ឋទៅហែរហមការជិះកង់ហាត់ប្រាណ។
ចំពោះការចែកចាយ និងលើកឡើងតាមបណ្តាញសង្គមនេះ សមាគមអ្នកជិះកង់ដើម្បីសុខភាព និងការអភិវឌ្ឍ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្តីបំភ្លឺមួយដោយបានបញ្ជាក់ជូនថា ការស្នើសុំឲ្យសមត្ថកិច្ចយករថយន្តសារ៉ែនបើកនាំមុខ នៅពេលដែលមានសមាជិកចូលរួមច្រើន ហើយជិះកង់ដើម្បីសកម្មភាពមនុស្សធម៌ ដោយមានចម្ងាយផ្លូវឆ្ងាយ និងត្រូវធ្វើដំណើរចេញពីព្រឹកទាបភ្លឺ ក្នុងគោលបំណងជួយសម្រួលចរាចរណ៍ និងចៀសវាងគ្រោះថ្នាក់ណាមួយកើតមានឡើង។
នៅក្នុងសេចក្តីបំភ្លឺរបស់ខ្លួន, សមាគមអ្នកជិះកង់ដើម្បីសុខភាព និងការអភិវឌ្ឍ បានបញ្ជាក់ជូនថា សមាគមអ្នកជិះកង់ដើម្បីសុខភាព និងការអភិវឌ្ឍ ត្រូវបានបង្កើតឡើងស្របតាមច្បាប់ បានចុះបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ និងបានទទួលស្គាល់ដោយប្រកាសលេខ ៥៦៥១ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ គោលបំណងដើម្បីកៀគរ និងលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការដែលស្រលាញ់ សុខភាព ដោយការជិះកង់ហាត់ប្រាណ និងធ្វើការងារសង្គមមួយចំនួន ដែលមានសមាជិកទាំងអស់ប្រមាណ៣០០នាក់ ព្រមទាំងមានឯកសណ្ឋានសមាគមត្រឹមត្រូវ ដោយពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ មានឯកសណ្ឋានពណ៌ លឿង និងនៅថ្ងៃអាទិត្យ មានឯកសណ្ឋានពណ៌ក្រហម។
ចំពោះការលើកឡើងថា ដើម្បីសុវត្ថិភាពពេលជិះកង់ ហាត់ប្រាណ គួរតែយករថយន្តសារ៉ែន បើកនាំផ្លូវបែបនេះទើបបាន, សមាគមសូមបញ្ជាក់ថា គ្រប់ការជិះ កង់ហាត់ប្រាណ សមាគមមិនបានស្នើសុំឲ្យមានរថយន្តសារ៉េនបើកនាំផ្លូវការពារសុវត្ថិភាពគ្រប់ពេលនោះទេ គឺនៅពេលដែលមានកម្មវិធីជិះកង់លក្ខណៈមនុស្សធម៌ ឬទ្រង់ទ្រាយធំ មានសមាជិកជិះកង់ច្រើន ក្នុងរយៈចម្ងាយឆ្ងាយ និងនៅពេលព្រឹកទាបភ្លឺ ទើបសមាគមស្នើសុំអន្តរាគមន៍ពីសមត្ថកិច្ចដើម្បីសម្រួលចរាចរណ៍តែប៉ុណ្ណោះ។ ចំពោះវីដេអូដែលបានបង្ហោះ ឃើញមានអ្នកជិះកង់តែ ២ ឬ៣ នាក់ ជាវីដេអូមួយជ្រុងតែប៉ុណ្ណោះ។