អំឡុងមហាសន្និបាត​របស់អង្គការសហប្រជាជាតិ (UN) នៅទីក្រុង New York​ ប្រតិភូជាច្រើនប្រទេស នាំគ្នាក្រោកដើរចេញពីសាលប្រជុំ ពេលនាយករដ្ឋមន្រ្តីអ៉ីស្រាអែល ឡើងថ្លែងសុន្ទរកថា (មានវីដេអូ​)

ចែករំលែក៖

ទីក្រុង​វ៉ាស៉ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥​ បាននិយាយថា​ បន្ទាប់ពីត្រូវបានមេដឹកនាំពិភពលោកដទៃទៀតថ្កោលទោស ជុំវិញសង្រ្គាមនៅតំបន់ហ្កាហ្សា អំឡុងមហាសន្និបាត​របស់អង្គការសហប្រជាជាតិ (UN) ដែលបាននិងកំពុងប្រព្រឹត្តទៅនៅទីក្រុង New York នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានដល់វេនត្រូវឡើងថ្លែងសុន្ទរកថាលើឆាកអន្តរជាតិ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែប្រទេសជាច្រើន មិនបាននៅរង់ចាំស្តាប់ អ្វីដែលលោកត្រូវនិយាយនោះទេ។

ក្រុមអ្នកតំណាងមកពីរាប់សិបប្រទេស បាននាំគ្នាក្រោកដើរចេញពីកន្លែងអង្គុយ ស្របពេលដែលលោក Netanyahu ដើរសំដៅទៅ​កាន់វេទិកា ជាទីដែលរូបលោកបានថ្លែងសុន្ទរកថាមួយ ដែលគ្មានការបន្ទន់ជំហរសូម្បីបន្តិច ហើយការពារទង្វើរបស់ប្រទេស​លោក។

លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងមិនទាន់ចប់ទេ ព្រោះក្រុមហាម៉ាសនៅបន្តសំងំក្នុងទីក្រុង Gaza។ ពួកគេប្តេជ្ញាប្រព្រឹត្តអំពើឃោរឃៅ ដូចកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ម្តងហើយម្តងទៀត ទោះបីជាកងកម្លាំងពួកគេ​ថយចុះកម្រិតណាក៏ដោយ។ ដូច្នេះហើយទើបអ៉ីស្រាអែល ចាំបាច់ត្រូវតែសម្រេចឱ្យដល់ទីបំផុតនៅបេសកកម្មរបស់ខ្លួន ហើយវាជាមូលហេតុដែលយើង ចង់សម្រេចគោលដៅឱ្យបានឆាប់តាម​តែអាចទៅរួច»។

គួរបញ្ជាក់ថា មុនពេលចាកចេញពីទីក្រុង Tel Aviv របស់អ៉ីស្រាអែល លោក Netanyahu ក៏បានប្តេជ្ញាផងដែរថា នឹងប្រកាន់ជំហរយ៉ាងរឹងមាំ ប្រឆាំងប្រទេសទាំងឡាយណា ដែលបានប្រកាសជាផ្លូវការ នូវការគាំទ្រទទួលស្គាល់របស់ពួកគេ ចំពោះរដ្ឋប៉ាឡេស្ទីនឯករាជ្យ អំឡុងមហាសន្និបាត UN។ លោក Netanyahu ត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចេញដីកាចាប់ខ្លួន ក្រោមការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជុំវិញសង្រ្គាមរបស់អ៉ីស្រាអែល នៅតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣៕ដោយ​៖តារា​

សូមទស្សនា​វីដេអូ​មានដូចខាងក្រោម​៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print