ខេត្តកំពង់ធំ ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ធំរសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ បានរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងជំរុញការប្រើប្រាស់App NoDrug ដល់ប្រជាពលរដ្ឋឃុំសានគរនិងប្រជាសហគមន៍នេសាទបឹងស្ពង់ និងប្រជាសហគមន៍កសិកម្មសានគរមានជ័យដោយមានការចូលរួមពីអាជ្ញាធរថ្នាក់ខេត្ត ស្រុក ឃុំ នៅវត្តសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សរុបជាង៣០០នាក់
លោក ដួង ច័ន្ទដារ៉ា អភិបាលរងតំណាងលោកអភិបាលស្រុកកំពង់ស្វាយ បានរាយការណ៍ពីស្ថានភាពភូមិសាស្រ្ត សេដ្ឋកិច្ច និងសន្តិសុខសណ្តាប់ធ្នាប់ពិសេសការបង្ការ ទប់ស្កាត់ បញ្ហាគ្រឿងញៀន ក្នុងមូលដ្ឋានស្រុកជាប់ផ្លូវជាតិ និងបឹងទន្លេសាបមួយនេះ។
ក្នុងនាម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានពាំនាំនូវការកោតសរសើរ ថ្លែងអំណរគុណពីលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់អាជ្ញាធរនិងប្រជាពលរដ្ឋដែលបានសហការរួមគ្នាថែរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងបង្ការ ទប់ស្កាត់ បញ្ហាគ្រឿងញៀននិយាយជារួមខេត្តកំពង់ធំនិងនិយាយដោយឡែកស្រុកកំពង់ស្វាយ ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានស្នើសុំដល់អាជ្ញាធរគ្រប់ថ្នាក់ប្រជាពលរដ្ឋ និងប្រជាសហគមន៍នេសាទបឹងស្ពង់ និងប្រជាសហគមន៍កសិកម្មសានគរមានជ័យសូមបន្តរួមគ្នាចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយលើកកម្ពស់ការទាញយកប្រើប្រាស់ App NoDrug សំដៅរក្សាសុវត្ថិភាពមូលដ្ឋានសហគមន៍៕ដោយ៖តារា