ភ្នំពេញ÷ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ មានករណីវាយតប់យកម៉ូតូ នៅចំណុចផ្លូវបេតុង ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង ១៥និង៤៥នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថា មិនមែនជាករណីប្លន់ទេ។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចុះមកដល់ចំណុចកើតហេតុ ខាងលើ គឺស្រ្តីរងគ្រោះបានជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់ និងមិនបានមកដាក់ពាក្យប្តឹងកន្លែងសមត្ថកិច្ចនោះទេ។
បើតាមសួរនាំពីស្រ្តីម្នាក់ជាអ្នកឃើញហេតុការណ៍ឲ្យដឹងថា ខ្លួនបានជិះម៉ូតូតាមផ្លូវ ឆ្លងកាត់កន្លែងកើតហេតុទៅ ផ្ទះ ហើយក៏បានឃើញមនុស្សប្រុសនិង មនុស្សស្រី០២ នាក់ បានឈរក្បែរគ្នា គាត់ក៏បានជិះម៉ូតូហួសប្រហែល ៣០ម៉ែត្រ ក៏ស្រាប់ឮសំឡេងមនុស្សស្រីស្រែក។ គាត់ក៏បត់ម៉ូតូត្រឡប់មកក្រោយវិញ ក៏ឃើញមនុស្សប្រុស និង មនុស្សស្រីទាំង០២នាក់ ប្រតាយប្រតប់គ្នា មិនដឹងមូលហេតុ រួចបុរសនោះជិះម៉ូតូរបស់ខ្លួនចេញទៅបាត់។ លុះមួយសន្ទុះក្រោយមកស្រ្តីរងគ្រោះខាងលើក៏ជិះម៉ូតូរបស់គាត់ចាកចេញពីកន្លែងកើតហេតុទៅបាត់ផងដែរ។
បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ កំពុងសហការជាមួយកម្លាំងផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បន្តធ្វើការស្រាវជ្រាវ៕