តាមរបាយការណ៍របស់អង្គការពលកម្មពិភពលោក ILO( The international Labor Organization ) ដែលបានដាក់បង្ហាញនៅក្នុងប្រទេសសឹង្ហបុរីកាលពីពេលកន្លងមកថ្មីៗ ក្រោយកិច្ចប្រជុំអន្តរជាតិលើកទី២១ស្តីអំពី៖ សុវត្ថិភាព និងសុខភាពការងា។ នៅក្នុងរបាយការណ៍ដែលបានប្រកាសនោះបង្ហាញឲ្យឃើញថា៖ មានមនុស្សស្លាប់ដោយសារការងារមានរហូតដល់ទៅ២.៧៨០.០០០នាក់ក្នុងមួយឆ្នាំ។
សូមជម្រាបជូនថារៀងរាល់ ៣ឆ្នាំម្តង អង្គការពលកម្មអន្តរជាតិតែងតែធ្វើបច្ចុប្បន្នភាពនៃបញ្ជីចំនួនមនុស្ស ស្លាប់ដោយការងារ ហើយគេសង្កេតឃើញថា ចំនួននេះតែងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ នៅក្នុងឆ្នាំ២០១៦កន្លងមក គឺមានអ្នកស្លាប់ដល់ទៅជិត៣លាននាក់ ហើយបើគិតតាមវិនាទីវិញ គឺរាល់១៥វិនាទី មានស្លាប់អ្នកធ្វើការងារម្នាក់ដោយគ្រោះថ្នាក់ ឬមួយដោយជម្ងឺពាក់ព័ន្ធនឹងការងារ ហើយបើគិតជាសរុបក្នុង១ឆ្នាំៗ គឺមានស្លាប់ចំនួន ២លាន ៧សែន ៨ម៉ឺននាក់នៅទូទាំងពិភពលោក ។
កត្តាដែលចំរុញឲ្យមានអ្នកស្លាប់ច្រើន កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែ មិនគោរពច្បាប់សុវត្ថិភាពការងា ក៏ដូចជាធ្វើការលើសកំណត់ ។ ភាគច្រើនកើតឡើងនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍ ដែលមាន កម្មករ ពលករទទួលបានប្រាក់ខែតិច ត្រូវបង្ខំចិត្ត ធ្វើលើសម៉ោងក៏ដូចជានៅតំបន់ដែលមានគ្រោះថ្នាក់ខ្ពស់។
ក្នុងឆ្នាំ២០០០ ចំនួនមនុស្សស្លាប់ដោយការងារមាន ២លាននាក់ ហើយកាលពី ៣ឆ្នាំមុន ចំនួននេះបានកើនដល់ទៅ ២លាន ៣សែននាក់។ បច្ចុបន្ននៅក្នុងចំនួនមនុស្សស្លាប់ដោយការងារ មានជាងពាក់កណ្តាលស្លាប់ដោយជម្ងឺពាក់ព័ន្ធនឹងការងារ ហើយមហារីកជាជម្ងឺស្ថិតលំដាប់ទី១ ក្នុងចំណោមជម្ងឺទាំងអស់។ ជម្ងឺមហារីកនេះបានកើតចេញជាពិសេសពីការស្រូបល្អងធូលីជាតិគីមី បង្កប់នៅក្នុងគ្រឿងសំណង់អាគារដែលក្រុមហ៊ុនសាងសង់ប្រើ ដូចយ៉ាងដំបូលផ្ទះធ្វើពីស៊ីម៉ង់ដ៏ជាដើម។
តាមរបាយការណ៍ វិស័យដែលបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនដោយគ្រោះថ្នាក់ការងារ ឬដោយជម្ងឺពាក់ព័ន្ធនឹងការងារមានវិស័យកសិកម្ម និងវិស័យសាងសង់។ យ៉ាងណាក៏ដោយ ទិន្នន័យនៃការស្លាប់មនុស្សដោយការងារមានការខុសគ្នាពីតំបន់មួយ ទៅតំបន់មួយ និងពីប្រទេសមួយទៅប្រទេសមួយ។ ជាក់ស្តែងនៅអឺរ៉ុប ចំនួនមនុស្សស្លាប់ដោយគ្រោះថ្នាក់ការងារ ឬដោយជម្ងឺពាក់ព័ន្ធនឹងការងារមានជាង ២០០ ០០០នាក់ក្នុងមួយឆ្នាំៗ ចំណែកនៅអាស៊ីមាន ១លាន ៥សែននាក់៕
ដោយ៖ មែវ សាធី