អាវុធគីមីត្រូវបានហាមប្រាមប្រើប្រាស់នៅក្នុងសង្គ្រាម គ្រប់រូបភាព ដោយសារតែវាបានសម្លាប់មនុស្សយ៉ាងព្រៃផ្សៃ ពិសេសគឺពលរដ្ឋស្លូតត្រង់និង ស្ត្រីកុមារ ។
ប៉ុន្តែនៅក្នុងសង្គ្រាមវាយប្រហារទៅលើក្រុម បះបោរនៅក្នុងប្រទេសស៊ីរី កម្លាំងទាហានរដ្ឋាភិបាលស៊ីរី បានប្រើប្រាស់ អាវុធគីមីដែលមានសារធាតុឧស្ម័ន សារាំង វាយប្រហារកាលពីថ្ងៃទី ៤ខែមេសាឆ្នាំ២០១៧ ធ្វើឲ្យលោកត្រាំ ត្រូវវាយបកវិញដោយ បីស៊ីល៥៩ដើមទៅលើទីតាំងទាហានអាកាសរបស់ស៊ីរី។ គិតចាប់តាំងពីសង្គ្រាមស៊ីរីចាប់ផ្តើម តាំងពីឆ្នាំ២០១១មកទល់ពេលនេះ ទាហានស៊ីរីបានប្រើប្រាស់ដល់ទៅ២៧លើក។
អង្គការ សហប្រជាជាតិបានចេញផ្សាយរបាយការណ៍អង្កេតរបស់ខ្លួន បង្ហាញឲ្យឃើញថា ទាហានស៊ីរី បានប្រើប្រាស់អាវុធគីមីជាច្រើនលើក។ គណកម្មការអង្កេតការបានចោទប្រកាន់រដ្ឋាភិបាលស៊ីរីដឹកនាំដោយលោកអាលអាសាដ អាបាន ប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាម។នេះ ជាលើកទីមួយហើយដែលអង្គការសហប្រជាជាតិបានចង្អុលមុខជនប្រើអាវុធគីមីដោយចំៗយ៉ាងដូច្នេះ។ នៅក្នុងរបាយការណ៍ ក្រុមអ្នកអង្កេតបានផ្តល់សេចក្តីសន្និដ្ឋានយ៉ាងច្បាស់លាស់ ថានៅថ្ងៃទី ៤ មេសា កងទ័ពអាកាសស៊ីរី បានបើកការវាយប្រហារដោយប្រើអាវុធគីមី សារាំង សម្លាប់មនុស្សអស់៨០នាក់ នៅតំបន់Khan Cheikhoun នៃខេត្តអ៊ីលីប Idlib។ មិនមែនជាការទម្លាក់គ្រាប់បែកប៉ះចំឃ្លាំងស្តុកអាវុធគីមីរបស់ ពួកឧទ្ទាម ដូចអ្វីដែលរដ្ឋាភិបាលក្រុងដាម៉ាសឆ្លើយការពារខ្លួនឡើយ។
ជាមួយ នឹងការចោទប្រកាន់រដ្ឋាភិបាលស៊ីរី ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ព្រោះបានប្រើអាវុធគីមីរំលោភច្បាប់មនុស្សធម៌អន្តរជាតិ គណៈកម្មការអង្កេតអង្គការសហប្រជាជាតិក៏បានចោទប្រកាន់កងទ័ពអាមេរិក ដែលមិនបានចាត់វិធានការគ្រប់គ្រាន់ក្នុងការពារជីវិតជនស៊ីវិល នៅពេលទម្លាក់គ្រាប់បែកលើវិហារអ៊ីស្លាមនៅខេត្តអាឡិប កាលពីខែមីនា។
សូមបញ្ជាក់ថា៖ នេះជារបាយការណ៍លើកទី១៤ហើយ គិតចាប់តាំងពីគណៈកម្មការអង្កេត ត្រូវបានបង្កើតឡើង ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១១។ នៅក្នុងរបាយការណ៍ចុងក្រោយនេះ គណៈកម្មការកត់ត្រាឃើញមានការប្រើប្រាស់អាវុធគីមីចំនួន៣៣ដង ក្នុង២៧ដងជាស្នាដៃរបស់ទាហានរដ្ឋាភិបាលស៊ីរី និង ៧ដងនៅរវាងពីថ្ងៃទី ១ មីនាដល់ថ្ងៃទី ៧កក្កដា ២០១៧។
ក្រៅអំពី លទ្ធផលអង្កេតរបស់គណៈកម្មការនេះ កាលពីចុងខែមិថុនា អង្គការហាមឃាត់អាវុធគីមីអន្តរជាតិក៏បានបញ្ជាក់រួចជាស្រេចថាពិតជា មានករណីប្រើអាវុធគីមីសារាំងមែន គ្រាន់តែមិនប្រាប់មុខអ្នកធ្វើ។ គណៈកម្មការអង្កេតរបស់អង្គការសហប្រជាជាតិមួយទៀត សហការជាមួយអង្គការហាមឃាត់អាវុធគីមី នឹងផ្តល់លទ្ធផលអង្កេតរបស់ខ្លួនដែរនៅចុងខែតុលាខាងមុខ៕
ដោយ៖ មែវ សាធី