ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរដឹកនាំកម្លាំងជំនាញ ព្រហ្មទណ្ឌក្រោមឱវាទចុះសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ ចុះអនុវត្តដីកាអយ្យអមសាលាដំបូងខេត្តព្រៃវែង លទ្ធផល៖ ឃាត់ខ្លួនពិរុទ្ធជនម្នាក់រួមទាំងមធ្យោបាយធ្វើដំណើររថយន្ត ១គ្រឿងផងដែរ ដែលសមត្ថកិច្ចអះអាងបានរត់គេចខ្លួនពីខេត្តព្រៃវែងមកពួនសំងំនៅខេត្តពោធិ៍សាត់ ដោយជាប់ពាក់ព័ន្ធក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១១ និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងនងៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនឈ្មោះ មាស សំណាង ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ និងមធ្យោបាយធ្វើដំណើររថយន្ត ១គ្រឿងម៉ាក ហាយព្រីត ពណ៏ស ពាក់ស្លាកលេខ កោះកុង 2A 0731 ។
លោកវរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរបន្តថា ប្រតិបត្តិការខាងលើនេះ គឺអនុវត្តន៍ឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន.ឃុំខ្លួនលេខ ១០ អ ក ២០១៧ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ចេញដោយលោក មាស សុភក្កិ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តព្រៃវែង ខណៈដែលជនសង្ស័យរូបនេះបានរត់គេចខ្លួនពីពន្ធនាគារខេត្តព្រៃវែង ហើយបានរត់មកពួនសំងំលាក់ខ្លួននៅភូមិ.ឃុំជាកន្លែងឃាត់ខ្លួនខាងលើ រយៈពេលជាង ១ខែមកហើយនោះ។
លោកវរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងបន្តទៀតថា ករណីអនុវត្តន៍ដីកាសាលាដំបូងខេត្តព្រែវែង ឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងមធ្យោបាយធ្វើដំណើររថយន្តខាងលើនេះ ទាំងពិរុទ្ធជនទាំងរថយន្តបានប្រគល់ទៅការិយាល័យជំនាញព្រហ្មទណ្ឌករិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបំពេញសំណំបែបបទបន្តនីតិវិធី។
លោក វរសេនីយ៍ទោ សន ធារ៉ា នាយរងការយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានបញ្ជាក់ប្រាប់ឲ្យដឹងបន្ថែមដែរថា ជនសង្ស័យជាប់ពាក់ការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយជនសង្ស័យរួមទាំងមធ្យោបាយធ្វើដំណើររថយន្ត បាននាំយកទៅការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបំពេញសំណំបែបបទបន្តនីតិវិធី៕
ដោយ៖ បុឹម ពិន