រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានបញ្ជាក់ថា៖ ប្រទេសរបស់លោកបានកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច ជាមួយកូរ៉េខាងជើង ដើម្បីជាការគោរព ដល់សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ។
រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Alan Peter Cayetano បានឲ្យដឹងថា៖ ប្រទេសរបស់លោកបានផ្អាកសកម្មភាពទំនាក់ទំនង ពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ការផ្អាកខាងលើធ្វើឡើងតាមសេចក្តីសម្រេចរបស់ អង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ដែលបានសាកល្បងកាំជ្រួចមីស៊ីលនិងបរមាណូ ។
ហ្វីលីពីនគឺជា ដៃគូពាណិជ្ជកម្ម ធំលំដាប់ទី៥ រស់កូរ៉េខាងជើង ដោយ គិតជាទឹកប្រាក់មានរហូតដល់២៨,៨លានដុល្លារ នៅពាក់កណ្តាលឆ្នាំ២០១៧នេះ។
ក្នុងពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេស ញ៉ូវហ្សឺឡែន លោក Gerry Brownlee ក៏បាន ស្នើរឲ្យមានកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ដើម្បីរារាំង នាវារបស់កូរ៉េខាងជើង ធ្វើសកម្មភាព នៅមហាសមុទ្រប៉ាស៊ីហ្វិក។
រដ្ឋមន្ត្រីការបរទេសញ៉ុវហ្សឺឡែនបានបញ្ជាក់ថា៖ ភាគីទាំងអស់ត្រូវតែមានទំនាក់ទំនង ជិតស្និទដើម្បី ទប់ស្កាត់នាវាកូរ៉េខាងជើង ដែលខុសច្បាប់ ឆ្លងកាត់តំបន់សមុទ្រប៉ាស៊ីហ្វិក។ កន្លងមកកូរ៉េខាងជើងតែងតែ ប្រើប្រាស់ នាវាដឹកទំនិញ ដោយបំពាក់ទង់ជាតិប្រទេសផ្សេងដើម្បីបន្លំភ្នែកក្រុមនាវាយាមល្បាតនៅដែនសមុទ្រ។
នៅពេលនេះដែរមានប្រទេសជាច្រើនបានសម្រេចកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចនិងការទូត ជាមួយកូរ៉េខាងជើង ក្រោយពេលអាមេរិកសម្រេចស្នើរដល់អង្គការសហប្រជាជាតិដាក់ទណ្ឌកម្មយ៉ាងតឹងតែងទៅលើកូរ៉េខាងជើង។
កាលពីថ្ងៃទី៧ខែកញ្ញា រដ្ឋាភិបាលប្រទេសមិចស៊ីកូ បានស្នើដល់អគ្គរដ្ឋទូតកូរ៉េខាងជើង លោក Kim Hyong Gil ត្រូវចាកចេញពីប្រទេសនេះក្នុងរយៈពេល ៧២ម៉ោង ។ សកម្មភាពខាងលើគឺដើម្បីជាការប្រឆាំងទៅនឹងសកម្មភាព សាកល្បង បរមាណូរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។
ក្រសួងការបរទេសមិចស៊ីកូ បានប្រកាសថា«អគ្គរដ្ឋទូតកូរ៉េខាងជើង Kim Hyong Gil ជា បុគ្គលមិនត្រូវបានស្វាគមន៍ ហើយត្រូវតែចាកចេញពីប្រទេសមិចស៊ីកូក្នុងរយៈពេល៧២ម៉ោង»។
សកម្មភាពខាងលើ គឺដើម្បីប្រឆាំង ការសាកល្បងគ្រាប់បែកបរមាណូ ដែលជាសញ្ញាបង្កគ្រោះថ្នាក់ដល់ សន្តិភាព និងសន្តិសុខពិភពលោក និងជាការគំរាមកំហែង ដោយផ្ទាល់ដោយសម្ព័ន្ធមិត្ត របស់មិចស៊ីកូ គឺជប៉ុន និងកូរ៉េខាងត្បូង។
នៅក្នុងសេចក្តីប្រកាស រដ្ឋាភិបាលមិចស៊ីកូ បានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បញ្ចេញសកម្មភាពដើម្បីបញ្ចប់វិបត្តិ នៅកូរ៉េខាងជើង ដោយសន្តិភាព៕
ដោយ៖ មែវ សាធី