ជប៉ុនជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលទទួលរងការវាយប្រហារដោយគ្រាប់បែកបរមាណូនៅក្នុងសម័យសង្គ្រាមលោកលើកទីពីរ នៅទីក្រុងហីរ៉ូស៊ីម៉ានិង ណាហ្គាសាគី ពីសំណាក់អាមេរិក ។ នៅពេលនេះ កូរ៉េខាងជើង ក៏បានព្រមានដល់ជប៉ុន ថានឹងប្រើប្រាស់បរមាណូដើម្បីកម្ទេច ប្រទេស(ព្រះអាទិត្យរះ)មួយនេះ។ ការប្រកាសរបស់កូរ៉េខាងជើងបានធ្វើឲ្យស្ថានភាព កាន់តែតានតឹង មួយកម្រិតទៀត។
លើកនេះរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានចោទប្រកាន់ទីក្រុងតូក្យូថា «លោតតាមចង្វាក់ភ្លេងរបស់អាមេរិក» ហើយព្រមានប្រទេសនេះ ពីការវាយប្រហារយ៉ាងខ្លាំងពីកូរ៉េខាងជើង ។ ការប្រកាសគំរាមបែបនេះកើតឡើង ក្រោយពេលដែល ទីក្រុងព្យុងយ៉ាងបានសាកល្បងមីស៊ីលឆ្លងទ្វីប ហោះកាត់ទឹកដីជប៉ុនជាលើកទីពីរ ក្នុងរយៈ ជាងកន្លះខែប៉ុណ្ណោះ។
សារព័ត៌មានកូរ៉េខាងជើងបានផ្សាយថា ទីក្រុង ព្យុងយ៉ាងនិងប្រើប្រាស់ បរមាណូ Juche ផលិតដោយខ្លួនឯងដើម្បីកម្ទេចកោះចំនួន៤របស់ជប៉ុន លុបជប៉ុនចេញ មិនឲ្យមានវត្តមាននៅក្បែរកូរ៉េខាងជើងទៀតឡើយ។ មន្ត្រីកូរ៉េខាងជើង បានបញ្ជាក់ថា« មានការវាយប្រហារដោយពិតប្រាកដ ទើបធ្វើឲ្យពួកគេផ្ញាក់ខ្លួន ក្រោយយើងបានបាញ់មីស៊ីលឆ្លងទ្វីប ហោះកាត់ទឹកដីជប៉ុន។
ឆ្លើយតបនិងការគំរាមកំហែងខាងលើ លោក Yoshihide Suga អ្នកនាំពាក្យ រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា ការគំរាមកំហែងរបស់កូរ៉េខាងជើង គឺជាការឌឺដង គួរឲ្យបារម្ភ។ កាលពីថ្ងៃទី២៩ខែសីហា កូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងទ្វីបមួយគ្រាប់ហោះកាត់ប្រទេសជប៉ុន ហើយទីក្រុងព្យុងយ៉ាងចាត់ទុកថានោះជាការតបតទៅនឹងសកម្មភាពធ្វើសមយុទ្ធរបស់អាមេរិកនិងកូរ៉េខាងត្បូង។មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន បានចាត់ទុកថា ការសាកល្បងមីស៊ីលនៅថ្ងៃទី១៥ខែកញ្ញានេះ គឺជាការត្រៀមលក្ខ់ណះ មានន័យ មុនពេលវាយប្រហារ កោះ Guam របស់អាមេរិក ។
នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្ស៊ូអាបេ ចាត់ទុកការបាញ់មីស៊ីលរបស់កូរ៉េខាងជើង គឺជាការគំរាមកំហែង មិនអាចទទួលយកបានឡើយ។ ក្នុងពេលជាមួយគ្នានេះប្រធានាធិបតីអាមេរិកលោកដូនាលត្រាំបាន ប្រកាសថា នៅគ្រប់ជម្រើស សម្រាប់ទប់ទល់ជាមួយកូរ៉េខាងជើង ត្រូវបាន ត្រៀមលក្ខណះ។
កូរ៉េខាងជើង បានថ្កោលទោស ការសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានអនុម័តដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង។ អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបញ្ជាក់ថា«កម្លាំងទាហាន ប្រជាជនកូរ៉េខាងជើង ចង់ឲ្យអាមេរិក ដែលជាមេក្លោង នៅពីក្រោយសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ត្រូវ វាយរហូតដល់ងាប់ ដោយសារតែ ឆ្កែឆ្កួតមួយក្បាល សមតែត្រូវ ស៊ីដំបងបែបនេះ។ នេះជាពេលវេលាដែលកូរ៉េខាងជើងត្រូវ កម្ទេចពួកឈ្លានពានអាមេរិក ប្រែក្លាយអាមេរិកឲ្យទៅជាផេះ។
ជាមួយគ្នានេះប្រទេសផ្ដាច់ការ កូរ៉េខាងជើង នៅថ្ងៃទី១៥ខែកញ្ញា នេះ បានព្រមានចាត់វិធានការរឹងមាំ ប្រឆាំងនឹងមហាអំណាចពិភពលោក សហរដ្ឋអាមេរិក នៅក្នុងការព្រមានរយៈពេលប៉ុន្មាន ម៉ោងក្រោយ បន្ទាប់ពីការបាញ់មីស៊ីលឆ្លងកាត់ ដែនអាកាសរបស់ប្រទេស ជប៉ុនជាថ្មី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
ប្រទេសផ្ដាច់ការកូរ៉េខាងជើង ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន បានបាញ់មីស៊ីលឆ្លងទ្វីប ចេញពីក្រុងព្យុងយ៉ាង កាលពីព្រឹកថ្ងៃ ម្សិលមិញនេះ ដោយខ្លួនបានបង្ហាញពីការបាញ់បង្ហោះលើកទី១ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ (UNSC) បានទន្ទឹម នឹងការដាក់ទណ្ឌកម្មថ្មី ទៅលើរបបផ្ដាច់ការ មួយនេះកាលពីថ្ងៃចន្ទ។
លោក Rodong Sinmun អ្នកនាំពាក្យរបស់គណបក្សកាន់ អំណាចរបស់កូរ៉េខាងជើង បានលើកឡើងនៅក្នុងសេចក្តី អត្ថាធិប្បាយមួយថា “ប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តដើរលើវិញ្ញាសាបច្ចុប្បន្ន យើងនឹងចាត់ វិធានការខ្លាំងក្លា សម្រាប់ការពារខ្លួន សហរដ្ឋអាមេរិក គួរតែប្រឈមមុខ ទៅនឹងការពិតដ៏អាក្រក់ និងធ្វើការសម្រេចចិត្តបោះបង់ចោលគោល នយោបាយអរិភាពរបស់ខ្លួន ចំពោះក្រុងព្យុង យ៉ាង ហើយគួរតែធ្វើការសម្រេចចិត្ត ប្រកបដោយមធ្យោបាយ ដើម្បីដកខ្លួនចេញពីបញ្ហា នៅលើឧបទ្វីបកូរ៉េ” ។
អ្នកឯកទេស អាមេរិកបានបញ្ជាក់ថា ភាពជោគជ័យនៅក្នុងកម្មវិធីអាវុធរបស់កូរ៉េខាងជើង គឺមានការចូលរួម ពីប្រទេសមហាអំណាចយោធា ២ គឺចិននិងរុស្ស៊ី ដោយរុស្ស៊ី ជាអ្នកផ្តល់បច្ចេកវិទ្យា មីស៊ីលនិងបរមាណូ ចំណែកចិន គឺជាអ្នកផ្តល់ហិរញ្ញវត្ថ ជួយដល់កូរ៉េខាងជើង សម្រេចគោលដៅ ប្រឆាំងអាមេរិក ។ នៅពេលនេះចិននិងរុស្ស៊ី បានចាត់ទុក កូរ៉េខាងជើង ជាកម្លាំងបរមាណូជួរមុខ ក្នុងការ ប្រឆាំងនិងមហាអំណាចអាមេរិក ដោយបើកជំហរ ។
ចំណុចទាំងនោះហើយបានជា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បានអំពាវនាវឲ្យគ្រប់ប្រទេស ទាំងអស់រួមទាំង មហាអំណាចចិន និងរុស្ស៊ី ដើម្បីបង្កើនការគាបសង្កត់លើ ប្រទេសផ្ដាច់ការកូរ៉េខាងជើង បន្ទាប់ពីការបាញ់មីស៊ីលចុងក្រោយ របស់ខ្លួន នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
គ្រាប់មីស៊ីលនេះត្រូវបានបាញ់បង្ហោះ ដោយបានហោះនៅលើដែនអាកាស ប្រទេសជប៉ុនជាថ្មីម្ដងទៀត ចូលទៅក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក ភាគខាងលិច ដែលជាការបង្កហេតុចុងក្រោយបំផុត ដោយទីក្រុងព្យុងយ៉ាង នៅក្នុងនោះដែរលោក Tillerson បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយសំដៅដល់ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ថា “យើងអំពាវនាវឲ្យគ្រប់ប្រទេស ទាំងអស់ចាត់វិធានការថ្មី ប្រឆាំងនឹងរបបលោក គីម” ។
លោកបានបន្ថែមថា ប្រទេសចិន ជាអ្នកផ្គត់ផ្គង់ដល់ប្រទេស កូរ៉េខាងជើងជាមួយប្រេងភាគច្រើន របស់ខ្លួន ហើយ ប្រទេសរុស្ស៊ី គឺជានិយោគធំបំផុតនៃពលកម្ម ដោយបង្ខំរបស់កូរ៉េខាងជើងផងដែរ ដូចនេះប្រទេសចិន និងរុស្ស៊ី ត្រូវតែបង្ហាញពីការមិនអត់ ឱនចំពោះការបាញ់មីស៊ីល មិនយកចិត្តទុកដាក់ទាំងនេះ ដោយចាត់វិធានការ ផ្ទាល់របស់ពួកគេ៕
ដោយ៖ មែវ សាធី