កូរ៉េខាងជើងព្រមាន ឲ្យជប៉ុនស្គាល់រសជាតិ​បរមាណូ​ជាលើកទីពីរ

ចែករំលែក៖

ជប៉ុនជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលទទួលរងការវាយប្រហារដោយ​គ្រាប់បែកបរមាណូ​នៅក្នុងសម័យសង្គ្រាមលោកលើកទីពីរ ​នៅទីក្រុងហីរ៉ូស៊ីម៉ា​និង ណាហ្គាសាគី​ ពីសំណាក់អាមេរិក ។ នៅពេលនេះ កូរ៉េខាងជើង ក៏បាន​ព្រមានដល់ជប៉ុន​ ថានឹងប្រើប្រាស់បរមាណូ​ដើម្បីកម្ទេច ប្រទេស(ព្រះអាទិត្យរះ)មួយនេះ។ ការប្រកាសរបស់កូរ៉េខាងជើងបានធ្វើឲ្យស្ថានភាព កាន់តែតានតឹង មួយកម្រិតទៀត។
លើកនេះរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានចោទប្រកាន់ទីក្រុងតូក្យូថា «លោតតាមចង្វាក់ភ្លេងរបស់អាមេរិក» ហើយព្រមាន​ប្រទេសនេះ ពីការវាយប្រហារ​យ៉ាងខ្លាំង​ពីកូរ៉េខាងជើង ។ ការប្រកាសគំរាមបែបនេះកើតឡើង ក្រោយពេលដែល​ ទីក្រុងព្យុងយ៉ាងបានសាកល្បងមីស៊ីលឆ្លងទ្វីប ហោះកាត់ទឹកដីជប៉ុនជាលើកទីពីរ ក្នុងរយៈ ជាង​កន្លះខែប៉ុណ្ណោះ។
សារព័ត៌មានកូរ៉េខាងជើងបានផ្សាយថា ​ ទីក្រុង ព្យុងយ៉ាងនិងប្រើប្រាស់ បរមាណូ​ Juche ផលិតដោយខ្លួនឯង​ដើម្បីកម្ទេចកោះចំនួន​៤របស់ជប៉ុន លុបជប៉ុនចេញ មិនឲ្យមានវត្តមាននៅក្បែរកូរ៉េខាងជើងទៀតឡើយ។ មន្ត្រីកូរ៉េខាងជើង បានបញ្ជាក់ថា​« មានការវាយប្រហារដោយពិតប្រាកដ ទើបធ្វើឲ្យ​ពួកគេផ្ញាក់ខ្លួន ក្រោយយើងបានបាញ់មីស៊ីលឆ្លងទ្វីប ហោះកាត់​ទឹកដីជប៉ុន។
ឆ្លើយតបនិងការគំរាមកំហែងខាងលើ​​ លោក​ Yoshihide Suga ​អ្នកនាំពាក្យ រដ្ឋាភិបាលជប៉ុន​បានបញ្ជាក់ថា​ ការគំរាមកំហែងរបស់កូរ៉េខាងជើង​ គឺជាការឌឺដង គួរឲ្យបារម្ភ។ កាលពីថ្ងៃទី​២៩ខែសីហា កូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងទ្វីបមួយគ្រាប់ហោះកាត់ប្រទេសជប៉ុន ហើយទីក្រុងព្យុងយ៉ាងចាត់ទុកថា​នោះជាការតបតទៅនឹងសកម្មភាព​ធ្វើសមយុទ្ធ​របស់អាមេរិក​និងកូរ៉េខាងត្បូង។មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន បានចាត់ទុកថា ការសាកល្បងមីស៊ីលនៅថ្ងៃទី​១៥ខែកញ្ញានេះ គឺជាការត្រៀមលក្ខ់ណះ មានន័យ មុនពេល​វាយប្រហារ កោះ​ Guam ​របស់អាមេរិក ។
នាយករដ្ឋមន្ត្រីជប៉ុន​ លោកស៊ីនហ្ស៊ូអាបេ​ ចាត់ទុកការបាញ់មីស៊ីល​របស់កូរ៉េខាងជើង គឺជាការគំរាមកំហែង មិនអាចទទួលយកបានឡើយ​។ ក្នុងពេលជាមួយគ្នានេះ​ប្រធានាធិបតីអាមេរិកលោកដូនាលត្រាំ​បាន ប្រកាសថា​ នៅគ្រប់ជម្រើស​ សម្រាប់ទប់ទល់ជាមួយកូរ៉េខាងជើង ត្រូវបាន​ ត្រៀមលក្ខណះ។
កូរ៉េខាងជើង បានថ្កោលទោស ការសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​​ ដែលបានអនុម័តដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង​។ អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបញ្ជាក់ថា​​​«កម្លាំងទាហាន ប្រជាជនកូរ៉េខាងជើង​ ចង់ឲ្យអាមេរិក ដែលជាមេក្លោង នៅពីក្រោយសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ត្រូវ​ វាយរហូតដល់ងាប់ ដោយសារតែ ឆ្កែឆ្កួត​មួយក្បាល​ សមតែត្រូវ ស៊ីដំបងបែបនេះ។​ នេះជាពេលវេលា​ដែលកូរ៉េខាងជើង​ត្រូវ កម្ទេច​ពួកឈ្លានពាន​អាមេរិក ប្រែក្លាយអាមេរិក​ឲ្យទៅជាផេះ​។
ជាមួយគ្នានេះប្រទេសផ្ដាច់ការ កូរ៉េខាងជើង ​នៅថ្ងៃទី​១៥ខែកញ្ញា នេះ បានព្រមាន​ចាត់វិធាន​ការ​រឹងមាំ ប្រឆាំងនឹងមហាអំណាចពិភពលោក សហរដ្ឋអាមេរិក នៅក្នុងការព្រមាន​រយៈពេលប៉ុន្មាន ម៉ោងក្រោយ បន្ទាប់ពីការបាញ់មីស៊ីលឆ្លងកាត់ ដែនអាកាសរបស់ប្រទេស ជប៉ុនជាថ្មី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
ប្រទេសផ្ដាច់ការកូរ៉េខាងជើង ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន បានបាញ់មីស៊ីលឆ្ល​ង​ទ្វីប ចេញពីក្រុងព្យុងយ៉ាង កាលពីព្រឹកថ្ងៃ ម្សិលមិញនេះ ដោយខ្លួន​បានបង្ហាញពីការបាញ់​បង្ហោះលើកទី១​ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ (UNSC) បានទន្ទឹម នឹងការដាក់​ទណ្ឌកម្មថ្មី ទៅលើរបបផ្ដាច់ការ មួយ​នេះកាលពីថ្ងៃចន្ទ។
លោក Rodong Sinmun អ្នកនាំពាក្យរបស់គណបក្សកាន់ អំណាចរបស់កូរ៉េខាងជើង បានលើកឡើងនៅក្នុងសេចក្តី អត្ថាធិប្បាយមួយថា “ប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តដើរលើវិញ្ញាសាបច្ចុប្បន្ន យើងនឹងចាត់ វិធានការខ្លាំងក្លា សម្រាប់ការពារខ្លួន​ សហរដ្ឋអាមេរិក គួរតែប្រឈមមុខ ទៅនឹងការពិតដ៏អាក្រក់ និងធ្វើការសម្រេចចិត្តបោះបង់ចោលគោល នយោបាយអរិភាពរបស់ខ្លួន ចំពោះក្រុងព្យុង យ៉ាង​ ហើយគួរតែធ្វើការសម្រេចចិត្ត ប្រកបដោយមធ្យោបាយ ដើម្បីដកខ្លួនចេញពីបញ្ហា នៅលើឧបទ្វីបកូរ៉េ” ។
អ្នកឯកទេស អាមេរិក​បានបញ្ជាក់ថា ភាពជោគជ័យ​នៅក្នុងកម្មវិធីអាវុធរបស់កូរ៉េខាងជើង គឺមានការចូលរួម ពីប្រទេសមហាអំណាចយោធា ២ គឺចិននិងរុស្ស៊ី ​ដោយរុស្ស៊ី ជាអ្នកផ្តល់​បច្ចេកវិទ្យា មីស៊ីលនិងបរមាណូ ចំណែកចិន គឺជាអ្នកផ្តល់ហិរញ្ញវត្ថ ជួយដល់កូរ៉េខាងជើង សម្រេចគោលដៅ ប្រឆាំងអាមេរិក ។ នៅពេលនេះចិននិងរុស្ស៊ី បានចាត់ទុក កូរ៉េខាងជើង ជាកម្លាំង​បរមាណូជួរមុខ ក្នុងការ ប្រឆាំងនិងមហាអំណាចអាមេរិក ដោយបើកជំហរ ។
ចំណុចទាំងនោះហើយបានជា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បានអំពាវនាវឲ្យគ្រប់ប្រទេស ទាំងអស់រួម​ទាំង មហាអំណាចចិន និងរុស្ស៊ី ដើម្បីប​ង្កើន​ការគាបសង្កត់លើ ប្រទេសផ្ដាច់ការកូរ៉េខាងជើង បន្ទាប់ពីការបាញ់មីស៊ី​លចុង​ក្រោយ របស់ខ្លួន នេះបើយោងតាមការ ចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
គ្រាប់មីស៊ីលនេះត្រូវបានបាញ់បង្ហោះ ដោយបានហោះនៅលើដែនអាកាស ប្រទេសជប៉ុនជា​ថ្មីម្ដង​ទៀត ចូលទៅក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក ភាគខាងលិច ដែលជាការបង្កហេតុ​ចុង​ក្រោយ​បំផុត ​ដោយទីក្រុងព្យុងយ៉ាង​ នៅក្នុងនោះដែរលោក Tillerson បានឲ្យដឹង នៅក្នុង​សេច​​ក្តីថ្លែងការណ៍មួយ ដោយសំដៅដល់ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ថា “យើងអំពាវនាវឲ្យគ្រប់ប្រទេស ទាំងអស់ចាត់វិធានការថ្មី ប្រឆាំងនឹងរបបលោក គីម” ។
លោកបានបន្ថែមថា​ ប្រទេសចិន ជាអ្នកផ្គត់ផ្គង់ដល់ប្រទេស កូរ៉េខាងជើងជាមួយ​ប្រេង​ភាគច្រើន របស់ខ្លួន ហើយ ប្រទេសរុស្ស៊ី គឺជានិយោគធំបំផុតនៃពលកម្ម ដោយបង្ខំ​របស់​កូរ៉េខាងជើងផងដែរ ដូចនេះប្រទេសចិន និងរុស្ស៊ី ត្រូវតែបង្ហាញពីការមិនអត់ ឱនចំ​ពោះការបាញ់មីស៊ីល ​មិនយកចិត្តទុកដាក់ទាំងនេះ ដោយចាត់វិធានការ ​ផ្ទាល់របស់ពួកគេ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print