ហេតុការណ៍គ្រោះថ្នាក់នាវាបុកគ្នា រវាងនាវាដឹកប្រេងនិងនាវាដឹកទំនិញ បណ្តាលឲ្យមនុស្ស ៣២នាក់បាត់ខ្លួន និង ២១នាក់សង្គ្រោះទាន់ពេលវេលា។
សារព័ត៌មានចិនបានផ្សាយថា៖ កម្លាំងជួយសង្គ្រោះកំពុងតែស្វែងរក នាវឹកដែលបាត់ខ្លួនទាំង៣២នាក់ ក្រោយការប៉ះទង្គិចរវាងនាវាដឹកប្រេង បំពាក់ទង់ជាតិ Panama និងនាវាដឹកទំនិញរបស់ចិន។
ក្រសួងចរាចរណ៍ចិនបានឲ្យដឹងថា៖ ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅវេលាម៉ោង ២០ថ្ងៃទី៦ខែមករា ស្ថិតនៅតំបន់សមុទ្រ ក្នុងដែនអធិបតេយ្យរបស់ចិន។ នាវឹកដែលបាត់ខ្លួន មានជនជាតិអីរ៉ង៣០នាក់ និងជនជាតិបង់ក្លាដេស ២នាក់ ស្ថិតនៅលើនាវាដឹកប្រេងទាំងអស់ ដែលមានឈ្មោះថា Sanchi ។ នាវាដឹកប្រេងដែលជួបគ្រោះថ្នាក់មានប្រវែង២៧៤ម៉ែត្រ ជារបស់ក្រុមហ៊ុន អីរ៉ង កំពុងដឹកប្រេង ១៣៦ពាន់តោនពីប្រទេសអីរ៉ងទៅកាន់កូរ៉េខាងត្បូង។
ក្នុងពេលជាមួយគ្នានោះ នាវឹក២១នាក់នៅលើនាវាដឹកទំនិញ CF Crystal ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ។ នាវាដឹកទំនិញខាងលើ មានប្រវែង២២៥ម៉ែត្រ កំពុងតែដឹក ទំនិញ៦៤ពាន់តោន ពីអាមេរិកទៅកាន់ ប្រទេសចិន។
ក្រសួងចារាចរណ៍ចិនបានឲ្យដឹងថា ហេតុការណ៍ប៉ះទង្គិចគ្នាខាងលើបានធ្វើឲ្យនាវា Sanchi ឆាប់ឆេះយ៉ាងខ្លាំង ហើយ លិចហូប្រេងចូលសមុទ្រ បង្ករផលប៉ះពាល់យ៉ាងខ្លាំង។ កម្លាំងទាហានចិនក៏បានបញ្ជូន នាវាជួយសង្គ្រោះ៥គ្រឿង និង នាវាទប់ស្កាត់ ការលិចហៀប្រេងចូលសមុទ្រ៣គ្រឿងទៅកាន់កន្លែងកើតហេតុ។ ជាមួយគ្នានេះ ភាគីកូរ៉េខាងត្បូង ក៏បានបញ្ជូននាវា១គ្រឿង និង យន្តហោះមួយគ្រឿងដើម្បីសហការជាមួយចិនស្វែងរកជួយសង្គ្រោះនាវឹក៕
ដោយ៖ មែវ សាធី